បាល់ឱប៖ កំពូលកីឡាករបាល់ឱបអាមេរិក Tom Brady បានប្រកាសចូលនិវត្តន៍កាលពី ៤០ថ្ងៃមុនពីក្រុមបាល់ឱបអាមេរិក Tampa Bay Buccaneers នៃក្របខណ្ឌ NFL។ តែនៅថ្ងៃអាទិត្យម្សិលមិញ Tom Brady បានធ្វើរឿងភ្ញាក់ផ្អើលមួយ ដោយបង្ហោះនៅបណ្តាញសង្គមពីការត្រលប់មកបន្តអាជីពរបស់ខ្លួនវិញ សំរាប់រដូវកាលទី២៣ របស់ខ្លួននៅ NFL។

ម្ចាស់ជ័យលាភី Super Bowl ៧ សម័យរូបនេះបានប្រកាសនៅលើបណ្តាញសង្គម Twitter និង Instagram របស់ខ្លួនជាមួយនឹងពាក្យដែលមានន័យថា បេសកកម្មមិនទាន់បញ្ចប់។ ក្នុងចំណោមជើងឯកទាំងនោះមាន ៦ លើកគេឈ្នះជាមួយក្លិប New England Patriots មុននឹងឈ្នះចុងក្រោយបំផុតឆ្នាំមុនជាមួយ Tampa Bay។ ក្រៅពីជាឈ្នះជើងឯកកីឡាដែលមានប្រជាប្រិយបំផុតនៅសហរដ្ឋអាមេរិកមួយនេះ Tom Brady ធ្លាប់ឈ្នះជ័យលាភីកីឡាករឆ្នើមបំផុតប្រចាំ Super Bowls ៥ លើក។
ប្រកួតចុងក្រោយរបស់ Tom Brady ជាមួយ Tampa Bay គឺចាញ់ ៣០-២៧ ក្រោមថ្វីដៃ Los Angeles Rams។ សូមបញ្ជាក់ថា Tom Brady ក៏ស្ថិតក្នុងបញ្ជីអត្តពលិកដែលរកបានប្រាក់ចំណូលច្រើនបំផុតមួយរូបដែរ នៅលើលោកតាមរយៈភាពជោគជ័យជាច្រើនលើវិថីកីឡា ដែលមានប្រជាប្រិយភាពជាងគេនៅសហរដ្ឋអាមេរិកមួយនេះ៕
អត្ថបទ៖នាង សុភាវុធ