ទឹកជំនន់ធ្ងន់ធ្ងរនៅស្រុក Manhica ប្រទេសម៉ូសំប៊ិក បណ្តាលឲ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសខ្លួន បង្ខំឲ្យអ្នកស្រុកជម្លៀសចេញពីផ្ទះរងការជន់លិច និងស្វែងរកទីជម្រកបណ្តោះអាសន្ន ស្របពេលដែលកិច្ចខិតខំចែកចាយជំនួយទៅកាន់តំបន់ដាច់ស្រយាល កំពុងបន្ត ។
ប្រជាពលរដ្ឋរស់នៅលើកោះ Josina ដែលរងគ្រោះធ្ងន់ធ្ងរដោយសារទឹកជំនន់នោះ បាននិយាយរៀបរាប់ពីស្ថានភាពដ៏លំបាករបស់ពួកគេមុនពេលត្រូវបានគេជម្លៀសចេញ ។
អ្នកស្រី Angelina Machava គឺជាពលរដ្ឋជម្លៀសខ្លួនមួយរូបនិយាយថា ពួកយើងមកទីនេះ ដោយសារតែរងគ្រោះពីទឹកជំនន់ ។

អ្នកស្រី Machava ដែលបច្ចុប្បន្នស្នាក់នៅក្នុងវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈស្ថិតក្នុងស្រុក Chibututu បានរៀបរាប់ពីទុក្ខលំបាករបស់គាត់ ។
អ្នកស្រីនិយាយថា ពួកយើងមិនដឹងនោះទេថាតើត្រូវស្វែងរកកន្លែងស្នាក់នៅទីកន្លែងណា ពេលដែលពួកយើងវិលត្រឡប់ទៅវិញ ។ កោះរបស់ពួកយើង រងផលប៉ះពាល់ខ្លាំងណាស់ ។
សហព័ន្ធអន្តរជាតិនៃសង្គមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC) ដែលកំពុងជួយដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះបាននិយាយថា ទឹកជំនន់បានប៉ះពាល់ដោយផ្ទាល់ដល់ប្រជាជនជាង ៦២ម៉ឺន នាក់ ក្នុងនោះលំនៅឋានជាង ៧២.០០០ខ្នងត្រូវជន់លិច និងខូចខាតយ៉ាងច្រើនដល់ផ្លូវថ្នល់ ស្ពាន និងមណ្ឌលសុខភាព ។
រូបភាពវីដេអូឃ្លីបរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ឃើញពលរដ្ឋដើរលុកទឹកត្រឹមជង្គង់ ធ្វើដំណើរតាមផ្លូវដាច់ ហើយទូកដឹកសម្ភារៈចាំបាច់ ។ ចម្ការពោត នៅក្នុងតំបន់ បន្តជន់លិច ធ្វើឲ្យកើតមានក្តីបារម្ភពីសន្តិសុខស្បៀង ៕
