រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា លោកមិនបានទាក់ទងជាមួយប្រេសិតពិសេសអាមេរិក លោក Steve Witkoff នៅប៉ុន្មានថ្ងៃថ្មីៗនេះ ឬស្នើសុំឲ្យមានចរចានោះទេ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ដែលបានរាយការណ៍នៅថ្ងៃពុធ (ទី២៨ ខែមករា ឆ្នាំ២០២៦) នេះ។

ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយកាលពីថ្ងៃអង្គារថា «កងនាវា» មួយផ្សេងទៀត កំពុងធ្វើដំណើរឆ្ពោះទៅកាន់អ៊ីរ៉ង់ ហើយលោកសង្ឃឹមថា ទីក្រុងតេអេរ៉ង់នឹងធ្វើកិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតោន។
សហរដ្ឋអាមេរិកបានដាក់ពង្រាយធនធានយោធាបន្ថែម នៅឈូងសមុទ្រ បន្ទាប់ពីមានការតវ៉ាទូទាំងប្រទេស នៅអ៊ីរ៉ង់ ដែលនាំទៅដល់ការបង្ក្រាបបង្ហូរឈាមបំផុតរបស់ប្រទេសនេះ គិតចាប់តាំងពីបដិវត្តន៍ឥស្លាមឆ្នាំ១៩៧៩។
លោក Araghchi បានបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា៖ «មិនមានទំនាក់ទំនង រវាងខ្ញុំ និងលោក Witkoff នៅប៉ុន្មានថ្ងៃនេះទេ ហើយក៏មិនមានការស្នើសុំការចរចាណាមួយ ត្រូវបានធ្វើឡើងពីយើងនោះដែរ»។ លោកបានបន្ថែមថា អន្តរការីផ្សេងៗ កំពុង «ធ្វើការពិគ្រោះយោបល់» និងកំពុងទាក់ទងជាមួយទីក្រុងតេអេរ៉ង់។
លោកបានសង្កត់ធ្ងន់ថា៖ «ជំហររបស់យើង គឺច្បាស់លាស់ ការចរចាមិនអាចដំណើរការរួមជាមួយការគំរាមកំហែងនោះទេ ហើយការចរចាអាចកើតឡើងបាន លុះត្រាតែលែងមានការគំរាមកំហែង និងការទាមទារហួសហេតុ»៕
