ក្រោយបាត់បង់ដៃម្ខាងនៅក្នុងឧបទ្ទេវហេតុកសិដ្ឋាន លោក Joel Caceda ពិបាកធ្វើការណាស់ ក្នុងការដឹកជញ្ជូនកញ្ចប់ទំនិញរបស់លោក ។ ការដ៏លំបាករបស់លោក គឺជាការងារធម្មតាទេដែលជនអន្តោប្រវេសន៍ត្រូវទទួលយក ពេលពួកគេទៅដល់ប្រទេសអេស្ប៉ាញ ដោយគ្មានឯកសារស្របច្បាប់ណាមួយ ។
ដូច្នេះហើយ បុរសជនជាតិប៉េរូវ័យ ៣០ឆ្នាំរូបនេះ ស្វាគមន៍ដំណឹងថា អេស្ប៉ាញមានផែនការធ្វើឲ្យស្របច្បាប់ជនអន្តោប្រវេសន៍គ្មានឯកសារចំនួនប្រហែល ៥០ម៉ឺននាក់ ដើម្បីបញ្ចប់គោលនយោបាយដ៏តឹងរ៉ឹងលើអន្តោប្រវេសន៍នៅកន្លែងផ្សេងទៀតនៅអឺរ៉ុប នៅតាមប្រទេសមួយចំនួនដូចជាដាណឺម៉ាក អាល្លឺម៉ង់ និងអូទ្រីស ហើយនិងសហរដ្ឋអាមេរិក ។
លោក Caceda និយាយប្រាប់កាសែត Al Jazeera ពីផ្ទះរបស់លោកនៅទីក្រុង Barcelona ថា នេះគឺជាដំណឹងល្អសម្រាប់រូបលោក និងមនុស្សផ្សេងទៀត ។ វានឹងមានន័យថា វាគឹជាឱកាសមួយធ្វើឲ្យពួកគេស្របច្បាប់ ក្រោយធ្វើការអស់រយៈពេល ៦ឆ្នាំនៅទីនេះ ដោយគ្មានឯកសារផ្លូវការ ។
លោកបន្តថា វានឹងផ្តល់ឱកាសដល់លោកក្នុងការទិញផ្ទះល្វែង ជាមួយភរិយារបស់លោក និងកូនស្រីរបស់លោក ហើយនិងរស់នៅក្នុងជីវិតល្អប្រសើរជាងនេះ ។
រឿងរ៉ាវរបស់លោក Caceda ដូចគ្នានឹងរឿងរ៉ាវរបស់ជនអន្តោប្រវេសន៍រាប់ម៉ឺននាក់ផ្សេងទៀត ដែលធ្វើការនៅក្នុងសេដ្ឋកិច្ចខ្មៅ នៅប្រទេសអេស្ប៉ាញ ជាទីដែលពួកគេតស៊ូជាមួយការិយាធិបតេយ្យអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដើម្បីទទួលបានស្ថានការស្របច្បាប់របស់ខ្លួន ៕