ប្រទេសកូរ៉េខាងត្បូង និងជប៉ុន បានឲ្យដឹងថា កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទិកជាច្រើនគ្រាប់ឆ្ពោះទៅសមុទ្រ កាលពីថ្ងៃអង្គារ (ទី២៧ ខែមករា ឆ្នាំ២០២៦) ដែលទំនងជាមីស៊ីលរយៈចម្ងាយខ្លី ខណៈដែលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល កំពុងធ្វើការពិភាក្សា ជុំវិញការផ្លាស់ប្តូរឥរិយាបថការពារជាតិរបស់ភាគីទាំង២ ចំពោះទីក្រុងព្យុងយ៉ាង។
នាយសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បានឲ្យដឹងថា មីស៊ីលទាំងនោះត្រូវបានបាញ់ចេញពីតំបន់មួយក្បែររដ្ឋធានីព្យុងយ៉ាងរបស់កូរ៉េខាងជើង នៅម៉ោងប្រហែល ៣:៥០រសៀល ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ៦:៥០ ម៉ោងសកល) ឆ្ពោះទៅសមុទ្រ នៅម្ដុំឆ្នេរភាគខាងកើតរបស់ខ្លួន។ ស្ថាប័ននេះបានប្រាប់ទៀតថា មីស៊ីលទាំងនោះ បានហោះចម្ងាយប្រហែល ៣៥០គីឡូម៉ែត្រ។
ឆ្មាំល្បាតឆ្នេរជប៉ុន បានប្រាប់ដោយឡែកពីគ្នាថា ខ្លួនបានរកឃើញអ្វីដែលអាចជាមីស៊ីលបាលីស្ទិកដែលបាញ់ដោយកូរ៉េខាងជើង និងដែលបានធ្លាក់ប៉ុន្មាននាទីក្រោយមក។ លោកស្រីនាយករដ្ឋមន្ត្រី Sanae Takaichi បាននិយាយថា មីស៊ីលទាំងនោះនឹងមិនប៉ះពាល់ដល់ប្រទេសជប៉ុនទេ។ ហើយយោងតាមប្រទេសជប៉ុន បានឲ្យដឹងបន្ថែមថា មីស៊ីលទាំងនោះបានហោះឡើងដល់កម្ពស់ខ្ពស់បំផុត ៨០គីឡូម៉ែត្រ។
ការិយាល័យសន្តិសុខជាតិកូរ៉េខាងត្បូង បានជំរុញឲ្យកូរ៉េខាងជើងបញ្ឈប់ការបាញ់មីស៊ីលបាលីស្ទិកជាបន្ទាន់ ដោយថ្កោលទោសការធ្វើបែបនោះថា ជាសកម្មភាពញុះញង់ និងជាការរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ រីឯជប៉ុនបានបញ្ជាក់ថា៖ «ការបាញ់មីស៊ីលបាលីស្ទិកម្តងហើយម្តងទៀត ដោយកូរ៉េខាងជើងនេះ គំរាមកំហែងដល់សន្តិភាព និងសន្តិសុខរបស់ប្រទេសយើង តំបន់ និងសហគមន៍អន្តរជាតិ»៕