ពេលដែលមានការការប្រគល់សាកសពចំណាប់ថ្នូរអ៊ីស្រាអែលចុងក្រោយដែលជាប់ខ្លួននៅក្នុងតំបន់ហ្កាហ្សា ជនប៉ាឡេស្ទីននៅក្នុងដែនដីបិទច្រកមួយនេះ សង្ឃឹមថា នឹងមើលឃើញដំណឹងល្អនៅក្នុងបទឈប់បាញ់ដ៏រង្គោះរង្គើរនេះ គឺការបើកឡើងវិញច្រកឆ្លងកាត់ព្រំដែន Rafah ជាមួយប្រទេសអេហ្ស៊ីប ។
ប្រហែលជាគ្មាននរណាអន្ទះសារជាងអ្នកដែលនៅទីនេះ នៅមន្ទីរពេទ្យ Nasser ស្ថិតក្នុងទីក្រុង Khan Younis នោះទេ ។ អ្នកជំងឺសម្រាកនៅក្នុងបន្ទប់មន្ទីរពេទ្យដែលមានមនុស្សច្រើនកុះករ. ពេលដែលពួកគេរង់ចាំឱកាសចាកចេញពីតំបន់ហ្កាហ្សា សម្រាប់ការព្យាបាលដែលពួកគេនិយាយថា គ្មានលទ្ធភាពនៅផ្ទះ ។
លោក Ahmed Rasras រងរបួសត្រូវគ្រាប់កាំភ្លើងចំក្បាល ។ លោក Yahia ជាឪពុករបស់គាត់និយាយថា លោករង់ចាំច្រកព្រំដែនបើកឡើងវិញ ដើម្បីអាចឲ្យកូនប្រុសរបស់គាត់ទទួលបានការព្យាបាលនៅក្រៅប្រទេស ។
ក្រសួងសុខាភិបាលហ្កាហ្សា និយាយថា អ្នកជំងឺ និងជនប៉ាឡេស្ទីនរងរបួសយ៉ាងហោច ២ម៉ឺននាក់ ត្រូវការការព្យាបាលនៅក្រៅតំបន់ហ្កាហ្សា ។
នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu និយាយកាលពីថ្ងៃអាទិត្យថា ច្រកព្រំដែន Rafah នឹងបើកឡើងវិញ ក្រោយអ៊ីស្រាអែលរកឃើញសាកសពលោក Ran Gvili ដែលត្រូវបានចាប់ពង្រាត់យកទៅដោយក្រុមហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ។
ព្រំដែនត្រូវបើកឡើងឡើងវិញ អំឡុងដំណាក់កាលដំបូងនៃផែនការរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ក្នុងការបញ្ចប់សង្រ្គាម ក្រោមបទឈប់បាញ់ដែលបានឈានដល់កាលពីខែតុលា ឆ្នាំ ២០២៥ ។
សូមបញ្ជាក់ថា ទីក្រុង Rafah គឺជាផ្លូវតែមួយគត់ចេញ-ចូលតំបន់ហ្កាហ្សា សម្រាប់មនុស្សស្ទើទាំងអស់ជាង ២លាននាក់ ដែលរស់នៅទីនេះ ៕