
ក្រុមសប្បុរសធម៌វេជ្ជសាស្រ្តគ្រូពេទ្យគ្មានព្រំដែន(MSF)បានព្រមានក្នុងសប្តាហ៍នេះថា ក្នុងពេលដ៏ខ្លីខាងមុខនេះ ពួកគេនឹងមិនអាចបន្តផ្តល់ការថែទាំសង្រ្គោះអាយុជីវិត នៅតាមតំបន់មួយចំនួននៅស៊ូដង់ខាងត្បូងបានទៀតទេ ជាទីដែលក្រុមរបស់ពួកគេប្រតិបត្តិការពីចម្ងាយ ស្របពេលការផ្គត់ផ្គង់វេជ្ជសាស្ត្រថយចុះ គំរាមកំហែងបញ្ឈប់សេវាកម្មសម្រាប់មនុស្សងាយរងគ្រោះរាប់ម៉ឺននាក់ ។
លោក Christophe Garnier គឺជាអ្នកតំណាងក្រុម MSF នៅស៊ូដង់ខាងត្បូង និយាយថា អង្គការរបស់លោកមិនអាចស្តុកឡើងវិញនៅតាមមន្ទីរពេទ្យមួយចំនួនរបស់ខ្លួនបានឡើយ ស្ថិតក្នុងតំបន់ត្រូវបានជម្លៀសចេញ ដោយពួកគេលើកឡើងពីក្តីបារម្ភថា ឱសថចាំបាច់អាចនឹងអស់ក្នុងពេលដ៏ខ្លីខាងមុខនេះ ។
លោក Garnier និយាយថា វាមានន័យថា អ្នកជំងឺនៅតាមទីកន្លែងគ្មានការផ្គត់ផ្គង់វេជ្ជសាស្រ្ត នឹងពុំទទួលបានការព្យាបាលនោះទេ ប្រសិនបើគ្មានអ្វីត្រូវបានធ្វើ ។
ក្រុម MSF ប្រតិបត្តិការគម្រោងជាច្រើននៅតាមតំបន់ជាប់ផុងក្នុងជម្លោះនៅប្រទេសស៊ូដង់ខាងត្បូង ជាទីដែលអសន្តិសុខ និងការរឹតត្បិតការចូលដល់ បានរារាំងបុគ្គលិកអន្តរជាតិពីការធ្វើដំណើរ ។
បុគ្គលិកជាតិបន្តគ្រប់គ្រងមន្ទីរពេទ្យទាំងនោះ ប៉ុន្តែលោក Garnier និយាយថា គំរូបែបនេះ អាចដំណើរការទៅបាន លុះតែមានការផ្គត់ផ្គង់វេជ្ជសាស្រ្ត ។
លោកថា ពួកយើងកំពុងប្រតិបត្តិការពីចម្ងាយនៅតាមតំបន់ដែលពួកយើងមិនអាចចូលទៅដល់ ប៉ុន្តែបញ្ហានៅត្រង់ថា ពួកយើងមិនអាចផ្គត់ផ្គង់ឡើងវិញមន្ទីរពេទ្យរបស់ពួកយើងបានឡើយ ។
លោកបន្តថា នៅពេលដែលស្តុកអស់ ហើយក្នុងករណីដែលពួកយើងគ្មានស្តុកឡើងវិញ ពួកយើងមិនអាចផ្តល់ការផ្គត់ផ្គង់វេជ្ជសាស្រ្តថ្មីដល់ទីនោះបានឡើយ ដល់ពេលនេះ វានឹងជួបការលំបាកខ្លាំង ៕