
ពេលដែលរដ្ឋាភិបាលស៊ីរីដឹកនាំដោយអ៊ិស្លាមវាយប្រហារកងកម្លាំងឃឺដ ប្រជាពលរដ្ឋរស់នៅក្នុងតំបន់កាន់កាប់ចុងក្រោយរបស់ពួកគេមានការប្រុងប្រយ័ត្នខ្ពស់ ចងចាំមិនភ្លេចអំពើហិង្សាកាលពីឆ្នាំមុនប្រឆាំងនឹងក្រុមជនជាតិភាគតិចរបស់ពួកគេ ហើយពួកគេប្តេជ្ញាការពារស្វ័យគ្រប់គ្រងរបស់ពួកគេ ។
ក្នុងទីក្រុង Qamishli ដែលភាគច្រើនជាជនជាតិឃឺដ ស្ថិតនៅភាគឦសានប្រទេសស៊ីរី ជាងរថយន្ត ម្ចាស់ហាង និងនិស្សិត ស្ថិតនៅក្នុងចំណោមអ្នកដែលបានស្ម័គ្រចិត្តចូលរួមយាមល្បាតនៅពេលយប់កាលពីថ្ងៃចន្ទ ដោយពួកគេសន្យាការពារតំបន់របស់ពួកគេ និងមានជំនឿតិចតួចប៉ុណ្ណោះ លើបទឈប់បាញ់ដ៏រង្គោះរង្គើរមួយនេះ ។
លោក Yazan Ghanem វ័យ ២៣ឆ្នាំ និយាយថា ពួកយើងចេញក្រៅ ដើម្បីការពារសង្កាត់របស់ពួកយើង ដើម្បីឈរខាងមនុស្សរបស់ពួកយើង ការពារទឹកដីរបស់ពួកយើង ។ នេះគឺជាទឹកដីរបស់ពួកយើង ពួកយើងមិនទទួលយកឥទ្ធិពលពីខាងក្រៅណាមួយនោះទេ នៅក្នុងតំបន់របស់ពួកយើង ។
វាបានឆ្លុះបញ្ចាំងពីភាពតានតឹងកើនឡើង បើទោះបីជាមានបទឈប់បាញ់គាំទ្រដោយសហរដ្ឋអាមេរិកក៏ដោយដែលត្រូវបានបន្តរយៈពេល ១៥ថ្ងៃទៀត កាលពីថ្ងៃសៅរ៍ ។ ការប៉ះទង្គិចគ្នាមួយចំនួន បានកើតឡើង ចាប់តាំងពីពេលនោះមក ។
ក្រោយដណ្តើមបានតំបន់មួយចំនួននៅភាគខាងជើង និងភាគខាងកើតពីកងកម្លាំងប្រជាធិបតេយ្យស៊ីរី(SDF)ដឹកនាំដោយក្រុមឃឺដ រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Ahmed al-Sharaa កំពុងជំរុញការទាមទាររបស់ខ្លួន សម្រាប់ការធ្វើសមាហរណកម្មតំបន់សេសសល់ចុងក្រោយគ្រប់គ្រងដោយក្រុមឃឺដ ជាមួយរដ្ឋ ។
កងកម្លាំង SDF បន្តឈរជើងនៅភាគឦសានដែនដីរបស់ពួកគេ និងស្ថិតនៅក្នុងចំណោមតំបន់ជាច្រើនទៀត ជាទីដែលក្រុមឃឺដ បង្កើតតំបន់ស្វយ័តតាមព្រឹត្តន័យ អំឡុងសង្រ្គាមស៊ីវិលស៊ីរី ។
ស្របពេលដែលលោក Sharaa សន្យាម្តងហើយម្តងទៀតថានឹងរក្សាសិទ្ធិសេរីភាពរបស់ជនជាតិឃឺដ កាលដែលរូបលោកទទួលស្គាល់ភាសាឃឺដថាជាភាសារជាតិកាលពីដើមខែនេះ អ្នកស្រុកដែលល្បាតទីក្រុង Qamishli កាលពីថ្ងៃចន្ទ មានជំនឿចិត្តតិចតួចប៉ុណ្ណោះលើអតីតមេបញ្ជាការក្រុមអាល់កៃដាម្នាក់នេះ ៕