ការឆ្លងវីរុសនីប៉ាហ៍ (Nipah) ដ៏កាចសាហាវដែលត្រូវបានបញ្ជាក់ចំនួន ២ករណី នៅឥណ្ឌា បានជំរុញឱ្យអាជ្ញាធរក្នុងតំបន់អាស៊ី ដូចជាថៃ សិង្ហបុរី ទីក្រុងហុងកុង និងម៉ាឡេស៊ី ព្រមទាំងនេប៉ាល់ ដែលជាអ្នកជិតខាងរបស់ឥណ្ឌា បង្កើនការត្រួតពិនិត្យផ្នែកសុខភាពតាមអាកាសយានដ្ឋានយ៉ាងតឹងរ៉ឹង ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ករណីឆ្លង មិនឱ្យរីករាលដាលចូលក្នុងទឹកដីរបស់ពួកគេ។

វីរុសនេះ រាលដាលដោយផ្ទុកលើសត្វប្រចៀវ សត្វច្រឹង និងអាចឆ្លងទៅមនុស្សនិងជ្រូក ដែលអាចបណ្តាលឱ្យគ្រុនក្តៅ និងរលាកខួរក្បាល និងមានអត្រាស្លាប់ចន្លោះពី ៤០% ទៅ ៧៥% នេះបើយោងតាមអង្គការសុខភាពពិភពលោក WHO។ ការឆ្លងវីរុសនេះត្រូវបានបញ្ជាក់នៅឥណ្ឌា កាលពីចុងខែធ្នូ កន្លងទៅ។ គួរឱ្យដឹងថា ការផ្ទុះឡើងក្នុងទ្រង់ទ្រាយតូចមិនមែនជារឿងចម្លែកទេ ហើយអ្នកជំនាញខាងវីរុស និយាយថា ហានិភ័យដល់ប្រជាជនទូទៅនៅតែទាប។ វ៉ាក់សាំងជាច្រើនកំពុងស្ថិតក្នុងការអភិវឌ្ឍ ប៉ុន្តែស្ថិតក្នុងដំណាក់កាលសាកល្បងនៅឡើយ។
របាយការណ៍នៃការឆ្លងមេរោគ បានធ្វើឱ្យអាជ្ញាធរជិតខាងក្នុងអាស៊ីអាគ្នេយ៍មានការប្រុងប្រយ័ត្ន ក៏ដូចជានេប៉ាល់ និងទីក្រុងហុងកុងផងដែរ។ ទីភ្នាក់ងារជំងឺឆ្លងរបស់សិង្ហបុរី បាននិយាយនៅថ្ងៃពុធ (២៨ មករា) ថា ខ្លួននឹងរៀបចំការត្រួតពិនិត្យសីតុណ្ហភាពនៅអាកាសយានដ្ឋាន សម្រាប់ជើងហោះហើរដែលមកដល់ពីតំបន់រងផលប៉ះពាល់ដោយការឆ្លង ក្នុងប្រទេសឥណ្ឌា។
អ្នកនាំពាក្យអាជ្ញាធរអាកាសយានដ្ឋានក្រុងហុងកុង ប្រកាសថា ខ្លួនកំពុងសម្របសម្រួលវិធានការត្រួតពិនិត្យសុខភាពកាន់តែប្រសើរឡើង ហើយកាលពីដើមសប្តាហ៍នេះ ថៃបានរឹតបន្តឹងវិធានការត្រួតពិនិត្យនៅអាកាសយានដ្ឋាន ខណៈម៉ាឡេស៊ី ដែលជាប្រទេសជិតខាង ក៏បានធ្វើដូច្នោះដែរ។ អាជ្ញាធរគ្រប់គ្រងជំងឺរបស់ចិន បញ្ជាក់ថា ពុំមានការឆ្លងវីរុសនីប៉ាហ៍នៅចិនទេ ប៉ុន្តែមានហានិភ័យនៃករណីនាំចូល ខណៈនេប៉ាល់ ដែលមានព្រំដែនជាប់ឥណ្ឌា បាននិយាយថា ខ្លួនស្ថិតក្នុង «ការប្រុងប្រយ័ត្នខ្ពស់» ហើយបានរឹតបន្តឹងការត្រួតពិនិត្យសម្រាប់អ្នកធ្វើដំណើរ៕


