ចិន៖ ប្រទេសចិនបានរាយការណ៍ករណីឆ្លងវីរុសកូរ៉ូណាប្រចាំថ្ងៃថ្មី ៣,០០០ករណីដែលអាជ្ញាធរកំពុងរឹតបន្តឹងវិធានការនៅទូទាំងប្រទេស និងអំពាវនាវឲ្យប្រជាជនជៀសវាងការចេញទៅខាងក្រៅ។ អាជ្ញាធរសុខាភិបាលចិននិយាយថា កាលពីថ្ងៃសៅរ៍មានករណីឆ្លងក្នុងសហគមន៍ចំនួន ៣,១២២ករណីត្រូវបានបញ្ជាក់។ អាជ្ញាធរនិយាយថា ប្រជាជនដែលឆ្លងមួយចំនួនគ្មានរោគសញ្ញានោះទេ។

វាជាលើកដំបូងដែលតួលេខនេះបានឡើងលើសពី ៣ពាន់ករណីចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២០។ អាជ្ញាធរសុខាភិបាលនៅខេត្ត Jilin ភាគឦសាននិយាយថា ការឆ្លងបានចាប់ផ្តើមរាលដាលកាលពីថ្ងៃទី១ ខែមីនា។ ចំនួនសរុបនៃករណីបានកើនឡើងលើសពី ៣,៥០០ករណីកាលពីថ្ងៃសៅរ៍ ហើយប្រជាជនភាគច្រើនបានឆ្លងវីរុសបំប្លែងខ្លួនថ្មី Omicron។ បម្រាមគោចរតឹងរឹងត្រូវបានអនុវត្តនៅក្នុងក្រុង Changchun របស់ខេត្ត Jilin ដែលក្រុងនេះមានប្រជាជនរស់នៅ ៩លាននាក់។
ទីក្រុង Shenzhen ស្ថិតនៅខេត្ត Guangdong ភាគខាងត្បូង ពាណិជ្ជកម្មភាគច្រើននៅទីនោះត្រូវបានណែនាំឲ្យផ្អាកសកម្មភាព ឬឲ្យបុគ្គលិកធ្វើការពីលំនៅឋានរយៈពេល ១សប្តាហ៍ដោយចាប់ផ្តើមពីថ្ងៃចន្ទនេះ។ ទីក្រុង Shenzhen មានចំនួនប្រជាជនប្រមាណ ១៧លាននាក់ ហើយវាជាទីតាំងក្រុមហ៊ុនពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យាជាច្រើន។ ប្រទេសចិនបានរក្សាគោលនយោបាយគ្មាន Covid ចាប់តាំងពីវីរុសរាតត្បាតចាប់ផ្តើម៕
អត្ថបទ៖ ប៊ុនថន