ការស្ទង់មតិបឋមដោយសារព័ត៌មាន Nikkei បានបង្ហាញនៅថ្ងៃព្រហស្បតិ៍២៩ មករានេះថា គណបក្សប្រជាធិបតេយ្យសេរី LDP របស់នាយករដ្ឋមន្ត្រីជប៉ុនលោកស្រី Sanae Takaichi ទំនងជានឹងបង្កើនចំនួនអាសនៈ និងទទួលបានសំឡេងភាគច្រើននៅសភាជាន់ទាបក្នុងការបោះឆ្នោតសកលថ្ងៃ៨កុម្ភៈ។

លោកស្រី Takaichi បានអំពាវនាវឱ្យមានការបោះឆ្នោតសកលមុនអាណត្តិក្នុងការស្វែងរកអាណត្តិដើម្បីរៀបចំគោលនយោបាយសារពើពន្ធកាន់តែទូលំទូលាយរបស់លោកស្រី ជាវិធានការមួយដែលបង្កឱ្យមានការកើនឡើងនៃទិន្នផលមូលបត្របំណុល ដោយសារតែការព្រួយបារម្ភអំពីទីផ្សារថា ប្រទេសជប៉ុនអាចនឹងត្រូវបង្ខំឱ្យចេញប័ណ្ណបំណុលថែម។
សារព័ត៌មាន Nikkei បាននិយាយថា ខណៈនៅដំណាក់កាលដំបូងនៃការប្រកួតប្រជែង គណបក្ស LDP កំពុងទទួលបានសន្ទុះ ហើយទំនងជានឹងមើលឃើញអាសនៈរបស់ខ្លួនលើសពី២៣៣ សំឡេងភាគច្រើននៃ ៤៦៥ អាសនៈ ក្នុងសភាជាន់ទាប កើនឡើងពី១៩៨ អាសនៈ ដែលខ្លួនកាន់កាប់មុនការបោះឆ្នោត។
បច្ចុប្បន្ន គណបក្ស LDP បង្កើតសម្ព័ន្ធភាពកាន់អំណាចជាមួយគណបក្សនវានុវត្តន៍ជប៉ុន ឬ Ishin ដែលរួមគ្នាកាន់កាប់សំឡេងភាគច្រើនស្ដួចស្ដើងនៅក្នុងសភាជាន់ទាបដ៏មានឥទ្ធិពល។ វាគឺជាសំឡេងភាគតិចនៅក្នុងសភាជាន់ខ្ពស់។
សារព័ត៌មាន Nikkei បានចុះផ្សាយថា ការស្ទង់មតិនេះបានរួមបញ្ចូលគ្នានូវការរាយការណ៍របស់កាសែត និងការរកឃើញនៃការស្ទង់មតិមួយដែលធ្វើឡើងរួមគ្នាជាមួយកាសែត Yomiuri នៅថ្ងៃទី ២៧ ដល់២៨ ខែមករា សប្ដាហ៍នេះ៕

