តំណាងក្រុមហ៊ុន សហគ្រាសធំៗនៅក្នុងវេទិកាការងារ បានអំពាវនាវដល់យុវជន សិស្សនិស្សិត ជាពិសេសអតីតពលករមកពីប្រទេសថៃក៏ដូចជាជនភៀសសឹក ចូលរួមដាក់ពាក្យសម្ភាសន៍ការងារ ខណៈដែលឱកាសការងារជាច្រើនកន្លែងកំពុងរង់ចាំ។
លោក ស្រេង លាងទ្រី អ្នកត្រួតពិនិត្យប្រតិបត្តិការ នៃក្រុមហ៊ុនខាងផ្នែកដឹកជញ្ជូន បានឱ្យដឹងថា នៅក្នុងពេលនេះ ក្រុមហ៊ុនខាងលោកកំពុងមានតម្រូវកម្លាំងពលកម្លាំងទាំងពីរភេទចំនួនជាង ២០០នាក់ ដើម្បីបម្រើការងារក្នុងវិស័យដឹកជញ្ជូន ដែលអាចរកប្រាក់ចំណូលជាមធ្យមចន្លោះពី ៤០០ ទៅ៥០០ដុល្លារ ក្នុងមួយខែ។ លោកឱ្យដឹងទៀតថា ចំពោះតម្រូវការកម្លាំងពលកម្មនេះ អ្នកមិនមានបទពិសោធន៍ ក្រុមហ៊ុនក៏ទទួលយកដែរ ដោយមានការបណ្តុះបណ្តាល មុនចេញបំពេញការងារ។
ស្រដៀងគ្នាខាងលើនេះ កញ្ញា ហេង ស្រីនិច មន្រ្តីជ្រើសរើសបុគ្គលិកមកពីវិស័យមីក្រូហិរញ្ញវត្ថុ និងលោក សឿន ពិសិដ្ឋ ប្រធានធនធានមនុស្ស និងរដ្ឋបាលនៃក្រុមហ៊ុនខាងផ្នែកគ្រឿងសម្អាង បានជំរុញ និងលើកទឹកចិត្តដល់យុវជន សិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ រួសរាន់មកដាក់ពាក្យដើម្បីបានជួប និងសម្ភាសផ្ទាល់ជាមួយតំណាងក្រុមហ៊ុន ទោះបីជាគ្មានបទពិសោធន៍ការងារ ឬគ្មានជំនាញ ក៏កុំមានការព្រួយបារម្ភ ព្រោះមុនចូលធ្វើការងារ ខាងក្រុមហ៊ុនក៏មានការបង្ហាត់បង្រៀនជាមុនផងដែរ ជាពិសេសតាមរយៈវេទិកាការងារនេះ អាចផ្តល់នូវឱកាសកាន់តែច្រើនសម្បូរបែបទៅដល់អ្នកដាក់ពាក្យស្វែងរកការងារ ដោយអាចសាកសួរព័ត៌មានបានដោយផ្ទាល់ជាមួយតំណាងក្រុមហ៊ុនដែលខ្លួនពេញចិត្ត។
សូមបញ្ជាក់ថា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវេទិកាការងារ និងកម្មសិក្សាការងារ ដោយនាំយកឱកាសការងារថ្មីៗបន្ថែមទៀតចំនួនជិត ៧០០កន្លែង ពីក្រុមហ៊ុនធំៗចំនួន៧ មកពីវិស័យមីក្រូហិរញ្ញវត្ថុ កសិកម្ម ដឹកជញ្ជូន និងគ្រឿងសម្អាងជាដើម សម្រាប់ផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើនៅបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕ អត្ថបទ៖ ឈិត បូរ៉ាវី










