ប្រណាំងរថយន្ត៖ ជើងឯក Formula One ពិភពលោក ៧ សម័យ Lewis Hamilton បាននិយាយថា ក្រុមប្រណាំង Mercedes របស់ខ្លួននឹងមិនអាចប្រកួតប្រជែងក្នុងលក្ខខណ្ឌដណ្តើមជើងឯកបានឡើយ ក្រោយពេលបញ្ចប់ការសាកល្បងនៅបារ៉ែន។

កីឡាករវ័យ ៣៧ឆ្នាំរូបនេះបានលើកបែបនេះដោយបន្ថែមថា រថយន្តរដូវកាលថ្មីនេះមានកំលាំងខ្លាំង តែក៏អាចនិយាយបានថា មិនស្ថិតក្នុងកំរិតប្រកួតប្រជែងជើងឯកដែរ ខណៈការប្រកួតនឹងចាប់ផ្តើមរដូវកាលចុងសប្តាហ៍នេះគេសង្ឃឹមថា អ្វីៗនឹងបានល្អជាងនេះ។ ការធ្វើតេស្តសាកល្បងត្រៀមរដូវកាលថ្មីបានបញ្ចប់ ក្រោយដំណើរការពេញ ១សប្តាហ៍កន្លងទៅ ខណៈដែលអ្នកការពារតំណែងជើងឯកកីឡាករហូឡង់ Max Verstappen របស់ក្រុមប្រណាំង Red Bull នៅតែជាអ្នកធ្វើបានលឿនជាងគេ ស្របពេលដែល Hamilton នៅឈរលេខ ៧ ឯណោះក្នុងការសាកល្បងចុងក្រោយ។
កីឡាករម៉ូណាកូ Charles Leclerc របស់ក្រុម Ferrari បានបញ្ចប់ជាមួយចំណាត់ថ្នាក់លេខ ២, Fernando Alonso របស់ក្រុម Alpine លេខ ៣ និងកីឡាករអង់គ្លេស George Russell របស់ក្រុម Mercedes លេខ ៤។ សូមបញ្ជាក់ថា រដូវកាលថ្មី Formula One ពិភពលោក ២០២២ នឹងចាប់ផ្តើមចុងសប្តាហ៍នេះហើយ ដោយចេញដំណើរពីទីលានដំបូងប្រទេសបារ៉ែន៕
អត្ថបទ៖នាង សុភាវុធ