ជំនួយការវិមានក្រឹមឡាំង លោក Yuri Ushakov បាននិយាយកាលពីថ្ងៃ២៨ មករា សប្ដាហ៍នេះថា លោកប្រធានាធិបតី Volodymyr Zelenskyy គួរតែធ្វើដំណើរមកកាន់ទីក្រុងមូស្គូ ប្រសិនបើលោកចង់ធ្វើកិច្ចចរចាដោយផ្ទាល់ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ។

ការអត្ថាធិប្បាយនេះធ្វើឡើងបន្ទាប់ពីការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha ដែលបាននិយាយថា លោក Zelenskyy ត្រៀមខ្លួនរួចជាស្រេចដើម្បីជួបជាមួយលោក Putin ដោះស្រាយបញ្ហាស្នូលពីរនៅក្នុងដំណើរការសន្តិភាព គឺ បញ្ហាទឹកដី និងអនាគតនៃរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ដែលកាន់កាប់ដោយរុស្ស៊ី។
លោក Ushakov បាននិយាយថា រុស្ស៊ីពុំដែលបដិសេធ ទំនាក់ទំនងបែបនេះទេ ដោយបន្ថែមថា ទីក្រុងមូស្គូត្រៀមខ្លួនរួចជាស្រេចដើម្បីធានាសន្តិសុខ និងលក្ខខណ្ឌការងាររបស់លោក Zelenskyy ប្រសិនបើលោកមកប្រទេសរុស្ស៊ី។
ការឆ្លើយឆ្លងគ្នានេះកើតឡើង ខណៈអ៊ុយក្រែន រុស្ស៊ី និងសហរដ្ឋអាមេរិកចាប់ផ្ដើមទំនាក់ទំនងការទូតឡើងវិញ ស្របពេលមានការជំរុញជាថ្មីរបស់ប្រធានាធិបតី Donald Trump ដើម្បីបញ្ចប់សង្គ្រាម ដោយកិច្ចចរចាជុំបន្ទាប់ត្រូវបានគេរំពឹងទុកនៅថ្ងៃទី១ ខែកុម្ភៈ។
មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបដែលដឹងបញ្ហានេះធ្លាប់បាននិយាយថា កិច្ចប្រជុំផ្ទាល់រវាងលោក Zelenskyy និងលោក Putin ដែលអាចពាក់ព័ន្ធនឹងវត្តមានលោក Trumpដែរ មិនមែនជារឿងដែលហួសពីលទ្ធភាពនោះទេ។
ទាំងមេដឹកនាំអ៊ុយក្រែន ទាំងសហរដ្ឋអាមេរិក ធ្លាប់បានស្វែងរកការរៀបចំកិច្ចចរចាផ្ទាល់រវាងលោក Zelenskyy និងលោក Putin ប៉ុន្តែទីក្រុងមូស្គូបានរកឃើញហេតុផលម្តងហើយម្តងទៀតដើម្បីជៀសវាងកិច្ចប្រជុំបែបនេះ៕


