ប្រភពជាច្រើនបានប្រាប់សារព័ត៌មានរ៉យទ័រថា ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងថ្លឹងថ្លែងជម្រើសនានាប្រឆាំងនឹងអ៊ីរ៉ង់ ដែលរួមមានការវាយប្រហារដាក់គោលដៅលើកងកម្លាំងសន្តិសុខ និងថ្នាក់ដឹកនាំ ដើម្បីជំរុញក្រុមបាតុករឱ្យចេញតាមដងផ្លូវជាថ្មី ប៉ុន្តែប្រភពពីមន្ត្រីអ៊ីស្រាអែល និងអារ៉ាប់និយាយថា កម្លាំងផ្លូវអាកាសតែមួយមុខ មិនអាចផ្តួលរំលំមេដឹកនាំបែបសាសនារបស់អ៊ីរ៉ង់ បានទេ និងបែរជាធ្វើឱ្យចលនាតវ៉ាចុះខ្សោយទៅវិញ។

ប្រភពមន្រ្តីអាមេរិកដែលដឹងពីការពិភាក្សា បាននិយាយថា លោក Trump ចង់បង្កើតលក្ខខណ្ឌសម្រាប់ «ការផ្លាស់ប្តូររបប» បន្ទាប់ពីការបង្ក្រាបដ៏បង្ហូរឈាមបានរម្ងាប់ភាពពុះកញ្រ្ជោលនៃចលនាតវ៉ាទូទាំងប្រទេសកាលពីដើមខែនេះ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់។ ប្រភពបន្តថា ដើម្បីធ្វើដូច្នេះបាន លោកកំពុងសម្លឹងជម្រើសដើម្បីវាយប្រហារក្រុមមេបញ្ជាការនិងស្ថាប័ន ដែលទីក្រុងវ៉ាស៊ីនតោន ចាត់ទុកថាទទួលខុសត្រូវចំពោះអំពើហិង្សា ដើម្បីផ្តល់ឱ្យក្រុមបាតុករនូវទំនុកចិត្តថា ពួកគេអាចសម្រុកចូលគ្រប់គ្រងអគាររដ្ឋាភិបាល និងសន្តិសុខ។

ប្រភពមួយរបស់អាមេរិក និយាយថា ជម្រើសនានាដែលកំពុងពិភាក្សាដោយជំនួយការលោក Trump ក៏រួមបញ្ចូលទាំងការវាយប្រហារទ្រង់ទ្រាយធំជាងនេះ ដែលមានបំណងបង្កផលប៉ះពាល់យូរអង្វែង គឺប្រហែលជាការវាយប្រហារប្រឆាំងនឹងកម្មវិធីមីស៊ីលបាលីស្ទិករបស់អ៊ីរ៉ង់ ដែលអាចបាញ់ទៅដល់សម្ព័ន្ធមិត្តអាមេរិក នៅមជ្ឈិមបូព៌ា ឬក៏អាចជាការវាយប្រហារលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។
ប្រភពមួយទៀតរបស់អាមេរិក បាននិយាយថា លោក Trump មិនទាន់សម្រេចចិត្តចុងក្រោយលើវិធានការណាមួយនៅឡើយទេ រួមទាំងថា តើត្រូវដើរតាមផ្លូវយោធាឬក៏អត់។ យ៉ាងណាក៏ដោយ ប្រភពពីមន្ត្រីអារ៉ាប់ អ្នកការទូតលោកខាងលិច និងប្រភពព័ត៌មានជាន់ខ្ពស់លោកខាងលិច — ដែលរដ្ឋាភិបាលរបស់ពួកគេត្រូវបានជូនដំណឹងពីកិច្ចពិភាក្សាទាំងនោះ — បាននិយាយថា ពួកគេបារម្ភថា ជំនួសឱ្យការជំរុញបាតុកម្មជាថ្មី ការវាយប្រហារផ្លូវអាកាសបែបនេះអាចធ្វើឱ្យបាតុកម្មចុះខ្សោយទៅវិញ ខណៈចលនាតវ៉ាកំពុងតែមានភាពតក់ស្លុតរួចទៅហើយ បន្ទាប់ពីការបង្ក្រាបដ៏បង្ហូរឈាមបំផុតដោយអាជ្ញាធរ ចាប់តាំងពីបដិវត្តន៍អ៊ិស្លាមឆ្នាំ១៩៧៩មក៕
