តាកែវ៖ ការប៉ាន់ស្មានតុល្យភាពស្បៀងនៅក្នុងខេត្តតាកែវ បន្ទាប់ពីទុកពូជ និងចំណីសត្វចំនួន ១៣ភាគរយ និងទុកបរិភោគលើមនុស្សសរុបចំនួនជាង៩១ម៉ឺនាក់ ចំនួន១៤ភាគរយ ខេត្តតាកែវនៅសល់ស្រូវប្រមាណជិត ៩០ម៉ឺនតោន បើគិតជាអង្ករស្មើជាង ៥០ម៉ឺនតោន មានការកើនឡើងចំនួនជិត ៥ម៉ឺនតោន។
នេះបើយោងតាមការលើកឡើងរបស់ប្រធានក្រុមប្រឹក្សាខេត្តតាកែវ ថ្លែងនៅក្នុងសន្និបាទបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទីសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តតាកែវ នៅព្រឹកថ្ងៃ ច័ន្ទទី ១៤ ខែមិនា ឆ្នាំ ២០២២នេះ។
ឯកឧត្តម យស់ ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ បានបន្ដទៀតថា បរិមាណស្រូវដែលប្រមូលនៅលើផ្ទៃដីប្រមាណជាង ១០ម៉ឺនហិកតា នៅក្នុងខេត្តតាកែវ ក្នុងឆ្នាំ២០២១កន្លងមក «ស្រូវរដូវប្រាំង និងរដូវវស្សា» ប្រមូលទិន្នផលស្រូវបានចំនួនជាង ១លាន២សែនតោន ។ ការប្រមូលផលស្រូវឆ្នាំ២០២១ មានការកើនឡើង ដែលនាំអោយតុល្យភាពស្បៀងនៅក្នុងខេត្តតាកែវ មានសភាពល្អប្រសើរ។
ឯកឧត្តម ថ្លែងបន្តថា នៅក្នុងឆ្នាំ២០២១កន្លងមក មានផ្ទៃដីស្រែចំនួនជាង ៦ពាន់ហិកតា បានទទួលរងគ្រោះដោយសារទឹកជំនន់ និងគ្រោះរាំងស្ងួត ដែលនាំអោយផ្ទៃដីខូចខាតចំនួនជាង ១រយហិកតា និងផ្ទៃដីមួយចំនួនទៀតត្រូវបានជួយសង្រ្គោះ ដោយអាជ្ញាធរ និងមន្រ្តីជំនាញនិងក្រុមការងារថ្នាក់ជាតិចុះជួយខេត្តតាកែវ ជាពិសេសពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានផ្ដល់ស្រូវពូជ អង្ករប្រេងឥន្ធនៈថ្នាំពេទ្យមកផ្ដល់ជូនបងប្អូនកសិករ ដែលជួបប្រទះបញ្ហាគ្រោះរាំងស្ងួតនិងគ្រោះទឹកជំនន់បានទាន់ពេលវេលា។
បើតាមឯកឧត្តម យស់ ណាស៊ី ក្រៅពីសល់ស្បៀងច្រើន រដ្ឋបាលខេត្តតាកែវ នៅក្នុងឆ្នាំ២០២១កន្លងមក ក៏បានសម្រេចបានលទ្ធផលជាច្រើនលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្ត និងបានអនុវត្តន៍គោលនយោបាយកំណែទម្រង់រដ្ឋបាលក្នុងក្របខ័ណ្ឌយុទ្ធសាស្រ្តនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការបានល្អប្រសើរផងដែរ៕ អត្ថបទ៖ វិភាគ