មន្ត្រីអាមេរិកពីររូបបានប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃពុធ (២៨ មករា) ថា សហរដ្ឋអាមេរិក កំពុងប្រគល់នាវាដឹកប្រេង ១គ្រឿង ដែលខ្លួនបានរឹបអូសនៅខែមករានេះ ទៅឱ្យប្រទេសវ៉េណេស៊ុយអេឡាវិញ។ សហរដ្ឋអាមេរិក បាននិងកំពុងអនុវត្តកិច្ចប្រឹងប្រែងរយៈពេលជាច្រើនខែ ដើម្បីរឹបអូសនាវាដឹកប្រេងដែលមានទំនាក់ទំនងជាមួយវ៉េណេស៊ុយអេឡា ដោយបានធ្វើការស្ទាក់ចាប់នាវាចំនួន ៧លើក ចាប់តាំងពីចុងឆ្នាំមុន។

មន្ត្រីទាំងនោះ បានកំណត់អត្តសញ្ញាណនាវាដែលកំពុងត្រូវបានប្រគល់ទៅឱ្យអាជ្ញាធរវ៉េណេស៊ុយអេឡាវិញនេះ ថាជានាវាដឹកប្រេងខ្នាតធំដោតទង់ជាតិប៉ាណាម៉ា ឈ្មោះ M/T Sophia ប៉ុន្តែប្រភពទាំងនេះមិនបាននិយាយថា ហេតុអ្វីបានជានាវាដឹកប្រេងនេះត្រូវប្រគល់ឱ្យវិញនោះទេ។
នាវា Sophia ន៉ោះកំពុងតែដឹកប្រេងជិតដែនទឹកវ៉េណេស៊ុយអេឡា នៅពេលដែលកងឆ្មាំល្បាតឆ្នេរ និងកងកម្លាំងយោធាសហរដ្ឋអាមេរិក បានស្ទាក់ចាប់នៅថ្ងៃទី៧ ខែមករា។ នៅពេលនោះ រដ្ឋបាលអាមេរិក បាននិយាយថា នាវា Sophia ដែលកំពុងស្ថិតនៅក្រោមទណ្ឌកម្ម គឺជា "នាវាដឹកប្រេងគ្មានរដ្ឋ និងជាផ្នែកនៃកងនាវាងងឹតជាប់ទណ្ឌកម្ម"។
លោក Trump បានផ្តោតគោលនយោបាយការបរទេសនៅអាមេរិកឡាទីនរបស់លោក លើវ៉េណេស៊ុយអេឡា។ លោក Trump បានបញ្ជាឱ្យកងកម្លាំងអាមេរិកចូលចាប់ខ្លួនលោកប្រធានាធិបតី Nicolas Maduro និងភរិយារបស់លោក កាលពីថ្ងៃទី៣ ខែមករា។ ចាប់តាំងពីពេលនោះមក លោក Trump បាននិយាយថា សហរដ្ឋអាមេរិក មានគម្រោងគ្រប់គ្រងធនធានប្រេងរបស់វ៉េណេស៊ុយអេឡា ដោយគ្មានកំណត់ ខណៈខ្លួនកំពុងស្វះស្វែងកសាងឡើងវិញនូវឧស្សាហកម្មប្រេងដ៏ទ្រុឌទ្រោមរបស់ប្រទេសនេះ ក្នុងផែនការចំនួន ១០០ពាន់លានដុល្លារ៕

