ព្យុះ Kristin បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់បីនាក់ស្លាប់ និងបានធ្វើឱ្យប្រជាជនជាង ៨០០.០០០នាក់នៅភាគកណ្តាលនិងភាគខាងជើងប្រទេសព័រទុយហ្គាល់គ្មានអគ្គិសនីប្រើប្រាស់កាលពីថ្ងៃពុធ ទី២៨ ខែមករា ដោយព្យុះនេះបានផ្តួលរំលំដើមឈើ បំផ្លាញលំនៅឋាន និងរំខានដល់ចរាចរណ៍ផ្លូវគោក និងផ្លូវរថភ្លើង មុនពេលបោកបក់ឆ្ពោះចូលទៅក្នុងប្រទេសអេស្ប៉ាញ។

យោងតាមអង្គភាពសេវាសង្គ្រោះបន្ទាន់បានឲ្យដឹងថា មនុស្សម្នាក់បានស្លាប់ នៅពេលដែលដើមឈើបានបាក់រលំលើរថយន្តរបស់ពួកគេនៅ Vila Franca de Xira នៅជាយក្រុង Lisbon។ មនុស្សពីរនាក់ផ្សេងទៀត បានស្លាប់នៅក្នុងស្រុក Leiria ភាគកណ្តាល ជាតំបន់មួយក្នុងចំណោមតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុត នេះបើយោងតាមក្រុមប្រឹក្សាតំបន់។

អាជ្ញាធរការពារស៊ីវិល បានរាយការណ៍ពីឧប្បត្តិហេតុទាក់ទងនឹងអាកាសធាតុជាង៣.០០០កន្លែង បង្កឡើងដោយសន្ទុះខ្យល់បក់បោកខ្លាំងរហូតដល់១៥០គីឡូម៉ែត្រក្នុងមួយម៉ោង ភ្លៀងធ្លាក់ខ្លាំង និងមានព្រិលធ្លាក់នៅក្នុងប្រទេសដែលមានប្រជាជនជិត១១លាននាក់មួយនេះ។
បន្ទាប់ពីបោកបក់ឆ្លងកាត់ប្រទេសព័រទុយហ្គាល់ ព្យុះនេះបានបក់ឆ្ពោះទៅទិសភាគខាងកើតចូលទៅក្នុងប្រទេសអេស្ប៉ាញ ដែលនៅតែកំពុងតែស្តារឡើងវិញពីប្រព័ន្ធមុន គឺព្យុះ Joseph។