ព្រះសីហនុ៖ នៅថ្ងៃនេះ នាវាកងស្វ័យការពារជប៉ុនចំនួនពីរគ្រឿង នឹងធ្វើដំណើរមកដល់ដែនសមុទ្រកម្ពុជា ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដើម្បីប្រារព្ធពិធីអបអរសាទរឱកាសខួបលើកទី៣០ នៃកិច្ចសហប្រតិបត្ដិរក្សាសន្ដិភាព (PKO) កម្ពុជា-ជប៉ុន ដែលនឹងចាប់ផ្ដើមនៅថ្ងៃស្អែក។
ដើម្បីបង្កើនទំនាក់ទំនងនិងពង្រឹងកិច្ចសហប្រតិបត្ដការ នាវាកងស្វ័យការពារជប៉ុន នឹងចូលចត នៅកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ ធ្វើទស្សនកិច្ចពីវឌ្ឍនភាពរបស់ខេត្ដព្រះសីហនុ និងផ្លាល់ប្ដូរបទពិសោធន៍ជាមួយកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម រយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា នេះ ។
នាវាស្វ័យការពារជប៉ុនចំនួនពីរគ្រឿង (JMSDF) មានឈ្មោះ (URAGA និង HIRADO) នឹងមកដល់ជាមួយកងនាវិកជាង ១០០នាក់។ នេះបើយោងតាមលិខិតជូនដំណឹង ចុះថ្ងៃទី៩ ខែមីនា នេះ របស់ស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ជម្រាបជូនក្រសួងការបទេស និងកិច្ចសហប្រតិបត្ដិ ការអន្ដរជាតិកម្ពុជា។
នាយនាវីមូលដ្ឋានសមុទ្ររាម បានបញ្ជាក់ថា យោងតាមកម្មវិធី គឺនាវាកងស្វ័យការពារជប៉ុន នឹង មកដល់សមុទ្រកម្ពុជា នៅថ្ងៃនេះ តែមិនទាន់ចូលចតនៅកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុភ្លាមទេ ព្រោះត្រូវធ្វើចត្ដាឡីស័កសិន (ធ្វើតេស្ដទាំងអស់) ។
នៅថ្ងៃទី១៥ ខែមីនានេះ នាយនាវី នាយវីរង និងពលនាវិក ៦០នាក់ នឹងទៅធ្វើបដិសណ្ឋាកិច្ចនាវាកងស្វ័យការពារជប៉ុន នៅកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះ សីហនុ ក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
នៅថ្ងៃទី១៦ ខែមីនា នេះ កងនាវិកស្វ័យការពារជប៉ុន នឹងធ្វើដំណើរទស្សនកិច្ចតាមនាវាកងទ័ព ជើងទឹកកម្ពុជា ទៅទីបញ្ជាការកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម ជួបសំណេះសំណាលជាមួយមេបញ្ជា ការមូលដ្ឋានសមុទ្ររាម និងធ្វើបទបង្ហាញផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក រួចហូបអាហារសាមគ្គីថ្ងៃ ត្រង់នៅមូលដ្ឋានសមុទ្ររាម៕អត្ថបទ៖ គង់ ប៊ុនថា



