សេចក្ដីរាយការណ៍ពីសារព័ត៌មាន New York Times កាលពីថ្ងៃពុធ (២៨ មករា) ដោយដកស្រង់សម្តីក្រុមមន្ត្រី បានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump និងព្រឹទ្ធសមាជិកជាន់ខ្ពស់នៃបក្សប្រជាធិបតេយ្យ លោក Chuck Schumer បានឈានដល់កិច្ចព្រមព្រៀងមួយកាលពីយប់ថ្ងៃពុធសប្ដាហ៍នេះ ដើម្បីចរចាលើការរឹតបន្តឹងថ្មីលើភ្នាក់ងារអន្តោប្រវេសន៍សហព័ន្ធ ដែលអាចបញ្ចៀសការបិទរដ្ឋាភិបាលនៅថ្ងៃសៅរ៍ ទី៣១ ខែមករា ខាងមុខ។

របាយការណ៍បន្តថា ក្រោមផែនការនេះ ព្រឹទ្ធសភានឹងបង្កើតច្បាប់ផ្តល់មូលនិធិដល់ក្រសួងសន្តិសុខមាតុភូមិ (DHS) ចេញពីកញ្ចប់ចំណាយរួមចំនួន ៦កញ្ចប់ នៃវិធានការចំណាយជាតិ ដែលត្រូវការចាំបាច់ដើម្បីផ្តល់មូលនិធិដល់យោធា កម្មវិធីសុខភាព និងភ្នាក់ងារសហព័ន្ធផ្សេងទៀតពេញមួយឆ្នាំសារពើពន្ធដែលនៅសល់ ហើយព្រឹទ្ធសភានឹងអនុម័តសេចក្តីព្រាងច្បាប់នេះ មុនថ្ងៃផុតកំណត់ពាក់កណ្ដាលអធ្រាត្រនៅថ្ងៃសុក្រ ទី៣០ ខែមករា។

របាយការណ៍នេះកើតឡើងបន្ទាប់ពីសមាជិកព្រឹទ្ធសភាខាងបក្សប្រជាធិបតេយ្យ បានអំពាវនាវឱ្យមានការរឹតបន្តឹងថ្មីលើភ្នាក់ងារអន្តោប្រវេសន៍ ដែលបានបង្កឱ្យមានការប្រឈមមុខដាក់គ្នាជាមួយរដ្ឋបាល។ សមាជិកសភាបក្សប្រជាធិបតេយ្យបានទទូចថា ពួកគេនឹងមិនយល់ព្រមពង្រីកមូលនិធិ DHS រហូតដល់ខែកញ្ញានោះទេ ប្រសិនបើពុំមានដែនកំណត់ថ្មីលើការបង្ក្រាបអន្តោប្រវេសន៍របស់លោក Trump។
ផ្នែកនៃរដ្ឋាភិបាលអាមេរិកមួយចំនួនធំ អាចនឹងត្រូវបិទទ្វារឈប់ដំណើរការ នៅចុងសប្តាហ៍នេះ ប្រសិនបើសមាជិកបក្សសាធារណរដ្ឋ និងសមាជិកបក្សប្រជាធិបតេយ្យ មិនសម្រេចបានកិច្ចព្រមព្រៀងលើបញ្ហាអន្តោប្រវេសន៍ដ៏តានតឹងមួយនេះ ដើម្បីផ្ដល់មូនិធិដល់ដំណើរការសហព័ន្ធ៕