មូលនិធិប្រជាជនអង្គការសហប្រជាជាតិ (UNFPA) បាននិយាយកាលពីថ្ងៃពុធថា ការខ្វះខាតថវិកានៅឆ្នាំ ២០២៥ បានធ្វើឲ្យស្ត្រី និងក្មេងស្រីជិត ២ លាននាក់ នៅក្នុងប្រទេសយេម៉ែន មិនបានទទួលសេវាសុខភាព និងការការពារចាំបាច់។

UNFPA បាននិយាយថា ប្រទេសយេម៉ែនប្រឈមមុខនឹង «វិបត្តិមនុស្សធម៌ដ៏អូសបន្លាយមួយ ដែលត្រូវបានបង្កឡើងដោយជម្លោះ ការបែកបាក់នយោបាយ ការដួលរលំសេដ្ឋកិច្ច និងការរឹតត្បិតចំពោះការទទួលបានសេវាកម្មសំខាន់ៗ» ដោយស្ត្រី និងក្មេងស្រីរងផលប៉ះពាល់មិនសមាមាត្រ។ សេវាសុខភាពបន្តពូជ និងការការពារពីអំពើហិង្សាផ្អែកលើយេនឌ័រ នៅតែស្ថិតនៅក្រោមភាពតានតឹងយ៉ាងខ្លាំង ដែលបង្កើនហានិភ័យនៃការស្លាប់របស់ម្តាយ ការមានផ្ទៃពោះដែលមិនចង់បាន និងការប៉ះពាល់នឹងអំពើហិង្សា។

UNFPA បានអះអាងថា ខ្លួនបានបន្តកម្មវិធីជួយសង្គ្រោះជីវិត រួមទាំងការថែទាំសម្ភព និងទារកទើបនឹងកើតបន្ទាន់ ការធ្វើផែនការគ្រួសារ និងឆ្មបសហគមន៍។ ប៉ុន្តែទីភ្នាក់ងារនេះ ទទួលបានត្រឹមតែ ២៥,៥ លានដុល្លារអាមេរិក នៃថវិកា ៧០ លានដុល្លារអាមេរិក ដែលបានស្នើសុំ ក្រោមផែនការឆ្លើយតបមនុស្សធម៌យេម៉ែនឆ្នាំ ២០២៥ ដែលបង្ខំឲ្យកាត់បន្ថយសេវាកម្មនានាជិត ៤០ ភាគរយ។
ទីភ្នាក់ងារនេះ បានអំពាវនាវឲ្យមានការគាំទ្រពីអន្តរជាតិជាបន្ទាន់ ដើម្បីទប់ស្កាត់ស្ថានការណ៍មិនឲ្យធ្លាក់ចុះកាន់តែអាក្រក់ឡើងៗ។
កាលពីព្រឹកថ្ងៃពុធ កម្មវិធីស្បៀងអាហារពិភពលោក(WFP)របស់UNបាននិយាយថា ខ្លួននឹងផ្អាកប្រតិបត្តិការនៅក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុមហ៊ួទី និងបញ្ចប់កិច្ចសន្យាបុគ្គលិកយេម៉ែនចំនួន ៣៦០នាក់ ដោយចាប់ផ្តើមពីថ្ងៃទី ៣១ ខែមីនា។ ការសម្រេចចិត្តនេះ ប៉ះពាល់ដល់ទីក្រុង Sanaa និងខេត្តផ្សេងទៀតដែលគ្រប់គ្រងដោយក្រុមហ៊ួទី។ មន្ត្រី WFP ម្នាក់ បាននិយាយថា ការខ្វះខាតថវិកា និងកង្វះលក្ខខណ្ឌប្រតិបត្តិការសុវត្ថិភាព បានជំរុញឲ្យមានការផ្លាស់ប្តូរនេះ ដោយបន្ថែមថា បុគ្គលិកចំនួន ៣៨នាក់ នៅតែត្រូវបានឃុំខ្លួន ដោយក្រុមហ៊ួទី៕