អ៊ុយក្រែន៖ ប្រជាពលរដ្ឋដែលកំពុងភៀសខ្លួនដោយសារអសន្តិសុខ នៅក្នុងប្រទេសអ៊ុយក្រែនភាគខាងលិច បានចូលរួមជាមួយមនុស្សរាប់រយនាក់កំពុងឆ្លងចូលតំបន់អឺរ៉ុបកាលពីថ្ងៃចន្ទ បន្ទាប់ពីប្រទេសរុស្ស៊ីបានវាយប្រហារលើមូលដ្ឋានទ័ពអ៊ុយក្រែន ជិតព្រំដែនប្រទេសប៉ូឡូញដែលជាសមាជិករបស់អង្គការណាតូ។

អ៊ុយក្រែននិយាយថា កងទ័ពចំនួន ៣៥នាក់បានស្លាប់នៅមូលដ្ឋានទ័ពកាលពីថ្ងៃអាទិត្យ។ ចំណែកក្រុង Moscow បាននិយាយថា ទាហានស៊ីឈ្នួលបរទេសចំនួន ១៨០នាក់បានស្លាប់ និងគ្រឿងសព្វាវុធបរទេសយ៉ាងច្រើនត្រូវបានកម្ទេច។ ព័ត៌មានរបស់អង្គការសហប្រជាជាតិបានបញ្ជាក់កាលពីថ្ងៃចន្ទថា ជនភៀសខ្លួនដែលកំពុងរត់គេចចេញពីប្រទេសអ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីវាយប្រហារកាលពីថ្ងៃទី២៤ ខែកុម្ភៈបានហក់ឡើងដល់ជាង ២លាន ៨សែននាក់ ជាអ្វីដែលបានក្លាយជាគ្រោះមហន្តរាយជនភៀសខ្លួន កំពុងកើនឡើងលឿនបំផុតរបស់អឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី២ មក។

ក្រុមមន្ត្រីសហភាពអឺរ៉ុបបាននិយាយថា អ្នករត់គេចពីសង្គ្រាមចេញពីប្រទេសអ៊ុយក្រែនអាចកើនឡើងដល់ ៥លាននាក់ ខណៈដែលក្រុមមន្ត្រីផ្សេងទៀតបានដាក់ចំនួនខ្ពស់ជាងនេះ។ ការវាយប្រយុទ្ធគ្នានៅតែបន្តជុំវិញទីក្រុងសំខាន់ៗជាច្រើនរបស់ប្រទេសអ៊ុយក្រែន រួមទាំងរដ្ឋធានីគីវផងដែរ។ កាលពីថ្ងៃចន្ទអ៊ុយក្រែននិយាយថា ខ្លួនមានបំណងជម្លៀសជនស៊ីវិលតាមច្រករបៀងមនុស្សចំនួន ១០៕
អត្ថបទ៖ សុខមាន