ព្រឹទ្ធសមាជិកជាន់ខ្ពស់មួយរូបរបស់អ៊ុយក្រែន បាននិយាយកាលពីថ្ងៃពុធ (២៨ មករា) ថា ជីវិតរបស់ប្រជាជនអ៊ុយក្រែន នឹងកាន់តែលំបាកជាពិសេស នៅក្នុងរយៈពេល ៣សប្តាហ៍ខាងមុខ ដោយសារតែសីតុណ្ហភាពធ្លាក់ចុះខ្លាំង និងហេដ្ឋារចនាសម្ព័ន្ធថាមពលត្រូវបានបំផ្លិចបំផ្លាញ ក្រោមការវាយប្រហារយ៉ាងខ្លាំងក្លាពីរុស្ស៊ី ដែលធ្វើឱ្យបាត់បង់អគ្គិសនី និងកម្ដៅ សម្រាប់មនុស្សរាប់លាននាក់។
បើទោះបីជាមានវឌ្ឍនភាពខ្លះក្នុងការចរចាសន្តិភាព ដែលបាននាំទៅដល់កិច្ចពិភាក្សាត្រីភាគីរវាងរុស្ស៊ី អ៊ុយក្រែន និងសហរដ្ឋអាមេរិកជាលើកដំបូងក៏ដោយ ក៏រុស្ស៊ីបានបង្កើនការទម្លាក់គ្រាប់បែកហួសពីសមរភូមិជួរមុខ ដែលលាតសន្ធឹងពាសពេញភាគខាងកើត និងភាគខាងត្បូងអ៊ុយក្រែន។

យោងតាមការព្យាករផ្លូវការបានឱ្យដឹងថា សីតុណ្ហភាពនឹងធ្លាក់ចុះក្រោម -២០អង្សាសេ នៅសប្តាហ៍ក្រោយ ដែលទាបបំផុតសម្រាប់អ៊ុយក្រែន។ ការវាយប្រហារដោយមីស៊ីល និងយានដ្រូនចុងក្រោយបង្អស់របស់រុស្ស៊ី លើរដ្ឋធានីគីវ ក្នុងខែមករានេះ បានធ្វើឱ្យមនុស្សប្រហែល ១លាននាក់ ពុំមានអគ្គិសនីប្រើប្រាស់ និងអគារលំនៅឋាន ៦ពាន់ខ្នង ពុំមានប្រព័ន្ធកម្ដៅ។
លោក Andriy Gerus ប្រធានគណៈកម្មាធិការថាមពលរបស់សភាអ៊ុយក្រែន បានប្រាប់ប៉ុស្តិ៍ទូរទស្សន៍ជាតិថា «ដំណឹងអាក្រក់គឺថា នឹងមានអាកាសធាតុត្រជាក់ដល់កក ហើយនឹងពិបាកខ្លាំងណាស់ ចំណែកដំណឹងល្អគឺថា អ៊ុយក្រែនត្រូវរង់ចាំរយៈពេល ៣សប្តាហ៍ ហើយបន្ទាប់មក គ្រប់យ៉ាងនឹងកាន់តែងាយស្រួល» ដោយលើកឡើងពីការព្យាករសីតុណ្ហភាពកក់ក្ដៅជាងមុន និងមានថាមពលពន្លឺព្រះអាទិត្យកាន់តែច្រើនសម្រាប់ប្រើប្រាស់៕

