លោក Vladislav Maslennikov ប្រធាននាយកដ្ឋានកិច្ចការអឺរ៉ុបនៃក្រសួងការបរទេសរុស្ស៊ី បានប្រាប់សារព័ត៌មានTASS ក្នុងបទសម្ភាសន៍មួយថា មានតែបណ្តាញទំនាក់ទំនងបន្ទាន់មួយប៉ុណ្ណោះ ដែលនៅសល់រវាងរុស្ស៊ី និងអង្គការណាតូ បន្ទាប់ពីសម្ព័ន្ធយោធាអាត្លង់ទិកខាងជើងនេះ បានកាត់ផ្តាច់ទំនាក់ទំនងជាមួយប្រទេសនេះ។

ប្រមុខការទូតរុស្ស៊ីរូបនេះ បាននិយាយថា នៅឆ្នាំ ២០២២ សម្ព័ន្ធយោធានេះ បានកាត់ផ្តាច់ទំនាក់ទំនងទាំងអស់ជាមួយយើង។ មានតែបណ្តាញទំនាក់ទំនងបន្ទាន់មួយប៉ុណ្ណោះ ដែលនៅសល់»។
យោងតាមលោក Maslennikov ប្លុកនេះ ពិតជាបានបង្កកការសន្ទនាជាមួយរុស្ស៊ីតាមគំនិតផ្តួចផ្តើមរបស់ខ្លួន ក្នុងឆ្នាំ ២០១៤។ លោកបានកត់សម្គាល់ថា៖«យើងអាចពិភាក្សាអំពីបញ្ហាមួយចំនួន ប៉ុន្តែណាតូបានកាត់បន្ថយអ្វីៗគ្រប់យ៉ាងទៅលើបញ្ហាអ៊ុយក្រែន ហើយគំនិតផ្តួចផ្តើមរបស់យើងឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងយោធានៅអឺរ៉ុប មិនត្រូវបានគេគាំទ្រទេ។ ហើយក៏មិនមានប្រតិកម្មវិជ្ជមានណាមួយចំពោះកិច្ចខិតខំប្រឹងប្រែងរបស់យើង ក្នុងការចាប់ផ្តើមការសន្ទនាដ៏ហ្មត់ចត់អំពីការធានាសន្តិសុខទៅវិញទៅមកនោះទេ ចាប់តាំងពីយើង បានស្នើសេចក្តីព្រាងនៃកិច្ចព្រមព្រៀងបែបនេះ ទៅកាន់ប្លុកអាត្លង់ទិកខាងជើងក្នុងខែធ្នូ ឆ្នាំ ២០២១ នៅទីស្នាក់ការកណ្តាលរបស់អង្គការណាតូ នៅទីក្រុងប្រ៊ុចសែលនៃប្រទេសបែលហ្ស៊ិក៕
