ស៊ីហ្គេម៖ អ្នកជំនាញកំពុងមានការព្រួយបារម្ភចំពោះកីឡាករ-កីឡាការិនីជម្រើសជាតិអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាខែមេសាខាងមុខ ដែលកៀកនឹងការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម។ ហេតុនេះគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានត្រៀមសេនារីយ៉ូចំនួន ៣ ដើម្បីពិភាក្សាជាមួយមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងសហព័ន្ធកីឡាជាតិក្នុងការរកដំណោះស្រាយ ក៏ដូចជាកម្រិតការដើរហើររបស់ក្រុមជម្រើសជាតិ ចៀសវាងការរីករាលដាលជំងឺកូវីដ-១៩ ក្នុងជុំរុំហ្វឹកហាត់។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC បានលើកឡើងក្រោយចប់កិច្ចប្រជុំជាមួយថ្នាក់ដឹកនាំសហព័ន្ធកីឡាជាតិកាលពីសប្ដាហ៍មុនថា ប្រសិនបើមិនមានវិធានការច្បាស់លាស់ក្នុងការគ្រប់គ្រងក្រុមជម្រើសជាតិ អំឡុងពេលចូលឆ្នាំនោះទេអាចបង្កផលប៉ះពាល់ដល់ដំណើរការ ចូលរួមប្រកួតកីឡាស៊ីហ្គេមនៅវៀតណាម នាខែឧសភា។ ហេតុនេះ CAMSOC នឹងមានកិច្ចប្រជុំជាមួយសហព័ន្ធកីឡាជាតិម្ដងទៀតនាចុងខែមីនានេះ ដើម្បីឯកភាពគ្នា ថាតើគួរមានវិធានការដូចម្ដេចក្នុងដំណាក់កាលចូលឆ្នាំ? តាមរយៈនេះ CAMSOC បានត្រៀមសេនារីយ៉ូ ៣ ដើម្បីពិភាក្សា និងរកដំណោះស្រាយរួមមួយជាមួយមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងសហព័ន្ធកីឡាជាតិ ទី១-បិទខ្ទប់មិនឲ្យកីឡាករ-កីឡាការិនីជម្រើសចេញទៅណា។ ទី២-អាចចេញក្នុងកម្រិតប៉ុន្មានភាគរយ ហើយចូលមកវិញត្រូវមានវិធានការការពារដូចម្ដេចខ្លះ? និងទី៣-បិទខ្ទប់កីឡាករ-កីឡាការិនីក្នុងជុំរុំ តែត្រូវរៀបចំកម្មវិធីបង្កលក្ខណៈសប្បាយរីករាយឲ្យពួកគេ។
សូមបញ្ជាក់ថា ស៊ីហ្គេមនៅវៀតណាមត្រូវបានលើកពេលពីចុងឆ្នាំ២០២១ មករៀបចំចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ដោយកម្ពុជាគ្រោងបញ្ជូនប្រតិភូ គ្រូបង្វឹក និងអត្តពលិកជាង ៥០០នាក់ទៅចូលរួម។ ប៉ុន្ដែក្នុងនោះមានប្រភេទកីឡាមួយចំនួនត្រូវចេញដំណើរ និងប្រកួតមុនដូចជាកីឡាបាល់ទាត់ បាល់ទះ និងកីឡាឃីកប៊ុកស៊ីងជាដើមដែលត្រូវធ្វើការប្រកួតតាំងពីថ្ងៃទី០៦ ខែឧសភា។ អាស្រ័យហេតុនេះគណៈកម្មាធិការជាតិ CAMSOC ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡាបានជំរុញឲ្យអាជ្ញាធរកីឡា ពិសេសហព័ន្ធកីឡាជាតិត្រូវមានការយកចិត្តទុកដាក់ខ្ពស់លើកីឡាករ-កីឡាការិនីរបស់ខ្លួនក្នុងជុំរុំបិទខ្ទប់ហ្វឹកហាត់ ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ព្រោះបើមានជំងឺនេះនឹងមិនត្រូវបានអនុញ្ញាតឲ្យចេញទៅចូលរួមការប្រកួតស៊ីហ្គេម នៅវៀតណាមឡើយ៕
អត្ថបទ៖ លី ឈុនឡា