សហរដ្ឋអាមេរិកបាននិយាយទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃពុធ ទី២៨ ខែមករា ថា ការរំសាយកងទ័ពនៅតំបន់ហ្កាហ្សានឹងរួមទាំងការរំសាយអាវុធតាមរយៈដំណើរការដែលបានព្រមព្រៀងគ្នា «គាំទ្រដោយកម្មវិធីទិញអាវុធមកវិញដែលផ្តល់មូលនិធិពីអន្តរជាតិ»។

ក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន នៅតែគ្រប់គ្រងជិតពាក់កណ្តាលនៃតំបន់ហ្កាហ្សាបន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីខែតុលាដែលសម្របសម្រួលដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump។ កិច្ចព្រមព្រៀងនេះ ភ្ជាប់ជាមួយការដកកងទ័ពរបស់អ៊ីស្រាអែលបន្ថែមទៀតទៅនឹងការរំសាយអាវុធរបស់ក្រុមហាម៉ាស។ សហរដ្ឋអាមេរិក រួមជាមួយប្រទេសចំនួន២៦ផ្សេងទៀត ដែលរហូតមកដល់ពេលនេះបានចូលរួមជាមួយដែលគេហៅថាក្រុមប្រឹក្សាសន្តិភាពរបស់លោក Trump និងដោយពិគ្រោះយោបល់ជាមួយគណៈកម្មាធិការជាតិប៉ាឡេស្ទីន នឹងដាក់សម្ពាធលើក្រុមហាម៉ាសឱ្យរំសាយអាវុធ នេះបើយោងតាមឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោក Mike Waltz។ លោកបាននិយាយទៅកាន់ក្រុមប្រឹក្សាដែលមានសមាជិក១៥រូបថា «ក្រុមហាម៉ាស មិនត្រូវមានតួនាទីណាមួយក្នុងការគ្រប់គ្រងតំបន់ហ្កាហ្សាដោយផ្ទាល់ ឬដោយប្រយោល ក្នុងរូបភាពណាមួយឡើយ»។ «ភេរវករយោធា និងហេដ្ឋារចនាសម្ព័ន្ធវាយលុកទាំងអស់ រួមទាំងផ្លូវរូងក្រោមដី និងទីតាំងផលិតអាវុធ នឹងត្រូវបំផ្លាញចោល ហើយមិនត្រូវបានសាងសង់ឡើងវិញទេ។
លោកនិយាយថា «អ្នកត្រួតពិនិត្យអន្តរជាតិ និងឯករាជ្យ នឹងពិនិត្យដំណើរការនៃការរំសាយកងទ័ពចេញពីតំបន់ហ្កាហ្សា ដើម្បីរួមបញ្ចូលការដាក់អាវុធជាអចិន្ត្រៃយ៍តាមរយៈដំណើរការដែលបានព្រមព្រៀងគ្នានៃការរំសាយអាវុធ និងគាំទ្រដោយកម្មវិធីទិញអាវុធមកវិញ និងសមាហរណកម្មឡើងវិញដែលផ្តល់មូលនិធិពីអន្តរជាតិ»។
