យោងតាមការប៉ាន់ស្មានថ្មីពីការិយាល័យថវិកាសភា (COB) ដែលមិនមាននិន្នាការគាំទ្រភាគីណា បានឲ្យដឹងថា ការដាក់ពង្រាយកងទ័ពឆ្មាំជាតិ នៅទីក្រុងនានារបស់សហរដ្ឋអាមេរិករបស់លោកប្រធានាធិបតី Donald Trump បានធ្វើឲ្យអ្នកបង់ពន្ធចំណាយប្រហែល ៤៩៦លានដុល្លារ នៅក្នុងឆ្នាំ២០២៥។

កាលពីថ្ងៃពុធ (ទី២៨ ខែមករា ឆ្នាំ២០២៦) ទីភ្នាក់ងារនេះ បានឲ្យដឹងថា ការបន្តរក្សាកម្រិតកងទ័ព នាពេលបច្ចុប្បន្ន អាចបន្ថែមការចំណាយ ៩៣លានដុល្លារ ក្នុងមួយខែ ពីលើចំនួនសរុប ដោយការដាក់ពង្រាយបន្ថែមនីមួយៗនៃសមាជិកយោធា ១.០០០នាក់ មានតម្លៃចន្លោះពី ១៨លានដុល្លារ ទៅ ២១លានដុល្លារ។ តែយ៉ាងណាក្ដី ស្ថាប័ននេះបានព្រមានថា តម្លៃជាក់លាក់ពិបាកនឹងមើលឃើញមុនណាស់។
របាយការណ៍នេះ បានបន្ថែមថា៖ «ការចំណាយលើការដាក់ពង្រាយទាំងនោះ ឬការដាក់ពង្រាយផ្សេងទៀតនាពេលអនាគត មានភាពមិនប្រាកដប្រជាខ្ពស់ ដែលភាគច្រើនដោយសារទំហំ រយៈពេល និងទីតាំងនៃការដាក់ពង្រាយបែបនេះ ពិបាកនឹងប៉ាន់ស្មានឲ្យបានត្រឹមត្រូវ។ ភាពមិនប្រាកដប្រជានោះ មានសភាពកាន់តែខ្លាំងឡើង ដោយសារបញ្ហាប្រឈមផ្នែកច្បាប់ ដែលបានបញ្ឈប់ការដាក់ពង្រាយ នៅទីក្រុងមួយចំនួន និងដោយសារការផ្លាស់ប្តូរគោលនយោបាយរបស់រដ្ឋបាល»។
គួរបញ្ជាក់ថា កាលពីខែមិថុនាឆ្នាំមុន លោក Trump បានដាក់ពង្រាយកងទ័ពឆ្មាំជាតិ នៅទីក្រុង Los Angeles ដើម្បីការពារបុគ្គលិករដ្ឋាភិបាល និងទ្រព្យសម្បត្តិ ស្របពេលមានការតវ៉ា ទាក់ទងនឹងការបង្ក្រាបអន្តោប្រវេសន៍របស់រដ្ឋបាលលោក។
ចាប់តាំងពីពេលនោះមក លោកបានបញ្ជូនកងទ័ពឆ្មាំជាតិទៅកាន់ទីក្រុងឈីកាហ្គោ (Chicago) ទីក្រុងមេមភីស (Memphis) រដ្ឋថេនណេស៊ី (Tennessee) ទីក្រុងផតឡែន (Portland) រដ្ឋអូរីហ្គិន (Oregon) ទីក្រុងញូវអរលីន (New Orleans) និងទីក្រុងវ៉ាស៊ីនតោនឌីស៊ី (Washington, D.C)។ លោក Trump បានការពារការដាក់ពង្រាយនេះ ដោយចាត់ទុកថា ជាមធ្យោបាយមួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម៕


