យោធា និងនគរបាលរបស់ប្រទេសវ៉េណេស៊ុយអេឡា កាលពីថ្ងៃពុធ (ទី២៨ ខែមករា ឆ្នាំ២០២៦) បានប្ដេជ្ញាមានភក្ដីភាព ចំពោះប្រធានាធិបតីស្ដីទី លោកស្រី Delcy Rodriguez ដែលសហរដ្ឋអាមេរិក បានបន្តឲ្យកាន់អំណាច បន្ទាប់ពីផ្ដួលរំលំលោក Nicolas Maduro។
ការប្ដេជ្ញានេះបង្ហាញពីការគាំទ្រពីក្រុមដ៏សំខាន់ ដែលនៅពីក្រោយលោក Maduro គឺយោធា ខណៈដែលលោក បានប្រឈមជាមួយសម្ពាធ និងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងរបបឆ្វេងនិយមរបស់លោក ចាប់តាំងពីលោកបនាឡើងកាន់តំណែងជំនួសអតីតប្រធានាធិបតី លោក Hugo Chavez ក្នុងឆ្នាំ២០១៣។
ខណៈដែលលោកស្រី Rodriguez ប្រឹងប្រែង ដើម្បីធ្វើឲ្យមានការគាំទ្រកាន់តែខ្លាំងឡើងៗ សម្រាប់ភាពជាអ្នកដឹកនាំរបស់លោកស្រី ស្ត្រីអាយុ ៥៦ឆ្នាំរូបនេះ កំពុងថ្លឹងថ្លែងយ៉ាងល្អិតល្អន់ ដោយស្វែងរកការបំពេញចិត្ត ចំពោះទាំងអ្នកស្មោះត្រង់នឹងលោក Maduro និងប្រធានាធិបតីអាមេរិក លោក Donald Trump។

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Vladimir Padrino ដែលបានប្រគល់ដំបង និងដាវតំណាងរដ្ឋរបស់វីរបុរសទាមទារឯករាជ្យ លោក Simon Bolivar ដល់លោកស្រី Rodriguez បាននិយាយថា៖ «យើងស្បថថា នឹងស្មោះត្រង់ និងស្ដាប់បង្គាប់ទាំងស្រុង»។
ចំណែករដ្ឋមន្ត្រីក្រសួងមហាផ្ទៃដ៏មានឥទ្ធិពលរបស់វ៉េណេស៊ុយអេឡា លោក Diosdado Cabello បានប្ដេជ្ញាមានភក្ដីភាព ក្នុងនាមជាកងកម្លាំងនគរបាល។ ការផ្ដល់ការសន្យានេះបានកើតឡើងនៅពេលដែលទាហាន និងនគរបាលជាង ៣.០០០នាក់ ក្នុងឯកសណ្ឋាន បានឈរជើងនៅពីមុខមេដឹកនាំស្ត្រីដំបូង និងជាមេបញ្ជាការរបស់ប្រទេសវ៉ណេស៊ុយអេឡា។
គួរបញ្ជាក់ថា កងកម្លាំងអាមេរិក បានចាប់ខ្លួនលោក Maduro និងភរិយារបស់លោក លោកស្រី Cilia Flores អំឡុងការវាយឆ្មក់កាលពីថ្ងៃទី៣ ខែមករា នៅទីក្រុងការ៉ាកាស ជាហេតុការណ៍ដែលធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល ដោយនាំអ្នកទាំង២ ទៅកាន់ទីក្រុង New York ដើម្បីកាត់ទោសពីបទជួញដូរគ្រឿងញៀននៅសហរដ្ឋអាមេរិក៕

