សេតវិមាន និងនាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Robert Fico កាលពីថ្ងៃពុធ (ទី២៨ ខែមករា ឆ្នាំ២០២៦) បានបដិសេធសេចក្ដីរាយការណ៍មួយ ដែលថា លោកបានសម្តែងក្ដីបារម្ភ អំពីសុខភាពផ្លូវចិត្តរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ទៅកាន់មេដឹកនាំអឺរ៉ុបដទៃទៀត។
ដោយដកស្រង់សម្តីអ្នកការទូតអឺរ៉ុប សារព័ត៌មាន Politico បានចុះផ្សាយថា មេដឹកនាំជាតិនិយម លោក Fico បានប្រាប់សមភាគី នៅក្នុងកិច្ចប្រជុំកំពូលមួយកាលពីសប្តាហ៍មុនថា លោកមានក្ដីបារម្ភអំពី «ស្ថានភាពផ្លូវចិត្ត» របស់មេដឹកនាំអាមេរិក។

សារព័ត៌មាននេះក៏បានឲ្យដឹងផងដែរថា លោក Fico ដែលជាសម្ព័ន្ធមិត្តរបស់លោក Trump បានប្រើពាក្យ «គ្រោះថ្នាក់» ដើម្បីពិពណ៌នា អំពីថា តើប្រធានាធិបតីអាមេរិក បានបង្ហាញស្ថានភាពយ៉ាងដូចម្ដេច នៅពេលដែលមេដឹកនាំទាំង២ បានជួបគ្នានៅរដ្ឋ Florida កាលពីថ្ងៃទី១៧ ខែមករា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់សារព័ត៌មាន AFP អ្នកនាំពាក្យរងរបស់សេតវិមាន លោកស្រី Anna Kelly បានបញ្ជាក់ថា៖ «នេះគឺជាព័ត៌មានក្លែងក្លាយទាំងស្រុងពីអ្នកការទូតអឺរ៉ុបអនាមិក ដែលកំពុងព្យាយាមធ្វើឲ្យមានភាពពាក់ព័ន្ធគ្នា។ កិច្ចប្រជុំនៅគេហដ្ឋាន Mar-a-Lago គឺវិជ្ជមាន និងប្រកបដោយផ្លែផ្កា»។
មេដឹកនាំស្លូវ៉ាគី ដែលមានមនោគមវិជ្ជាជាតិនិយមដូចគ្នានឹងលោក Trump បានថ្កោលទោសសេចក្ដីរាយការណ៍របស់សារព័ត៌មាន Politico ដោយចាត់ទុកថា ជា «ការកុហក»។ ដោយបង្ហោះជាអក្សរធំដូចអ្វីដែលលោក Trump តែងតែធ្វើនៅលើបណ្ដាញសង្គម លោក Fico បានលើកឡើងនៅលើបណ្ដាញសង្គម X ថា៖ «ខ្ញុំសូមបដិសេធយ៉ាងដាច់អហង្ការ ចំពោះការកុហករបស់សារព័ត៌មានសេរីនិយម Politico ដែលគាំទ្រទីក្រុងប្រ៊ុចសែល»៕
