មន្ត្រីផែនការរដ្ឋម្នាក់ នៅថ្ងៃព្រហស្បតិ៍ (ទី២៩ ខែមករា) បានឲ្យដឹងថា ប្រទេសចិនរំពឹងមានអ្នកធ្វើដំណើរចំនួន ៩,៥០ពាន់លាននាក់ នៅឆ្នាំ២០២៦ នេះ ក្នុងរង្វង់រយៈពេល ៤០ថ្ងៃនៃការឈប់សម្រាក ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដោយនេះជាតួលេខខ្ពស់ជាងការធ្វើដំណើរក្នុងស្រុក ៩,០២ពាន់លាននាក់ ក្នុងឆ្នាំ ២០២៥។

ប្រទេសចិនបានពង្រីកសប្តាហ៍បុណ្យចូលឆ្នាំជាតិរបស់ខ្លួនជាផ្លូវការដល់ ៩ថ្ងៃជាលើកដំបូង ដោយមានគោលបំណងជំរុញដល់ការប្រើប្រាស់ក្នុងស្រុក។ ពិធីបុណ្យនេះនឹងត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ ដល់ថ្ងៃទី២៣ ខែកុម្ភៈ។ ការធ្វើដំណើរ និងទេសចរណ៍ គឺជាវិស័យមួយ ក្នុងចំណោមវិស័យដែលចិនកំពុងកំណត់គោលដៅក្នុងការជំរុញដល់ការប្រើប្រាស់ដែលនាំមុខដោយសេវាកម្មថ្មី ដើម្បីជំរុញតម្រូវការក្នុងស្រុក។
ការធ្វើដំណើររយៈពេល ៤០ថ្ងៃ ក្នុងអំឡុងពិធីបុណ្យដ៏ធំបំផុតរបស់ប្រទេសនេះ ជារឿយៗត្រូវបានបង្ហាញថា ជាបារ៉ូម៉ែត្រនៃភាពល្អប្រសើរផ្នែកសេដ្ឋកិច្ចរបស់ប្រទេសចិន និងជាការសាកល្បងសម្ពាធ សម្រាប់ប្រព័ន្ធដឹកជញ្ជូនដ៏ធំរបស់ខ្លួន។
មន្ត្រីរដ្ឋ បានឲ្យដឹងទៀតថា ការធ្វើដំណើររបស់អ្នកដំណើរតាមផ្លូវដែក ត្រូវបានគេរំពឹងថា នឹងឡើងដល់ ៥៤០លាននាក់ ដោយការធ្វើដំណើរតាមផ្លូវអាកាស ត្រូវបានគេរំពឹងថា នឹងមានដល់ ៩៥លាននាក់ ដែលការដឹកជញ្ជូនលើផ្លូវទាំង២ ទំនងជាឡើងដល់កម្រិតខ្ពស់បំផុតជាប្រវត្តិសាស្ត្រ សម្រាប់រយៈពេលនេះ។
ពួកគេបានបន្ថែមថា សមត្ថភាពដឹកជញ្ជូន នឹងត្រូវបានពង្រឹង នៅលើផ្លូវពេញនិយម និងក្នុងតំបន់ដែលពេញនិយម ដើម្បីបំពេញតម្រូវការធ្វើដំណើរ៕
