នគរបាលនឹងបើកការស៊ើបអង្កេតការប៉ុនប៉ងបំផ្ទុះគ្រាប់បែករងការចោទប្រកាន់ អំឡុងបាតុកម្មទាមទារសិទ្ធិរបស់ជនជាតិដើមភាគតិចនៅទីក្រុង Perth ស្ថិតក្នុងរដ្ឋអូស្រ្តាលីខាងលិច ដែលអាចជាឧបទ្ទេវហេតុភេរវកម្ម បន្ទាប់ពីមានការអំពាវនាវពីក្រុមមេដឹកនាំជនជាតិដើមភាគតិច និងក្រុមសិទ្ធិមនុស្សឲ្យមានការឆ្លើយតបមុតមាំជាងនេះពីក្រុមអាជ្ញាធរ ។
ទូរទស្សន៍អូស្រ្តាលី ABC រាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ឧបទ្ទេវហេតុចោលគ្រឿងផ្ទុះកែឆ្នៃ បច្ចុប្បន្នត្រូវបានស៊ើបអង្កេតដោយក្រុមនគរបាលថា វាអាចជាទង្វើភេរវកម្មដ៏មានសក្តានុពល រយៈពេល ២ថ្ងៃ ក្រោយបុរសវ័យ ៣១ឆ្នាំម្នាក់ រងការចោទប្រកាន់ថា បានចោលគ្រឿងផ្ទុះកែឆ្នៃនៅលើបាតុកម្មទិវាឈ្លានពាន ដែលមានការចូលរួមពីមនុស្សរាប់ពាន់នាក់កាលពីថ្ងៃចន្ទ ។

នគរបាលនិយាយថា គ្រឿងផ្ទុះនោះ ពុំបានផ្ទុះនោះទេ ហើយក៏គ្មានអ្នករងរបួសនោះដែរ ។ នគរបាលបានចោទប្រកាន់បុរសរូបនោះ ពីបទចោលគ្រឿងផ្ទុះ ដែលមានដែកគោល និងពិដាង អំឡុងបាតុកម្មនៅថ្ងៃបុណ្យជាតិអូស្រ្តាលី ដែលជាទិវាអូស្ត្រាលី ឬទិវាឈ្លានពាន ពេលដែលពួកគេរំឭកដល់ការមកដល់របស់កងនាវាអង់គ្លេសនៅកំពង់ផែក្រុងស៊ីដនី កាលពីឆ្នាំ ១៧៨៨ ។
នគរបាលរដ្ឋអូស្រ្តាលីខាងលិចនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការឆែកឆេរផ្ទះជនសង្ស័យ ត្រូវបានធ្វើឡើង ជាទីដែលការរួមផ្សំសារធាតុគីមី និងសម្ភារៈសមស្របជាមួយការផលិតគ្រឿងផ្ទុះកែឆ្នៃ ត្រូវបានរកឃើញ ។
ជនសង្ស័យម្នាក់នេះ រងការចោទប្រកាន់ពីបទប៉ុនប៉ងបង្កគ្រោះថ្នាក់ និងផលិត ឬគ្រប់គ្រងគ្រឿងផ្ទុះ ក្រោមសកម្មភាពខុសច្បាប់ ៕
