សហរដ្ឋអាមេរិក៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan បានលើកឡើងពីការព្រួយបារម្ភកាលពីថ្ងៃចន្ទ អំពីកិច្ចសហប្រតិបត្តិការរបស់ចិនជាមួយនឹងការលុកលុយរបស់រុស្ស៊ី លើប្រទេសអ៊ុយក្រែននៅក្នុងកិច្ចប្រជុំរយៈពេល ៧ម៉ោងជាមួយអ្នកការទូតជាន់ខ្ពស់របស់ប្រទេសចិនគឺលោក Yang Jiechi។
លោក Sullivan បានជួបជាមួយលោក Yang សមាជិកការិយាល័យនយោបាយនៅទីក្រុងរ៉ូមរបស់ប្រទេសអ៊ីតាលី បន្ទាប់ពីមានសេចក្តីរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយជាច្រើនថា រុស្ស៊ីបានស្នើសុំយុទ្ធោបករណ៍ពីប្រទេសចិន និងជំនួយសេដ្ឋកិច្ចបន្ថែមដើម្បីទប់ទល់នឹងទណ្ឌកម្ម។ ក្នុងជំនួបទល់មុខគ្នា ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden បានព្រមានមន្ត្រីជាន់ខ្ពស់របស់ចិនរូបនេះ អំពីការគាំទ្ររបស់ចិនចំពោះរុស្ស៊ីក្នុងការឈ្លាន ពានអ៊ុយក្រែន ទោះបីជាវិមានក្រឹមឡាំងបានបដិសេធរបាយការណ៍ថា ខ្លួនមិនបានស្នើសុំយុទ្ធោបករណ៍ពីចិនសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមនេះក៏ដោយ។ ចំណែកអ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា ប្រទេសចិនបានដើរតួនាទីស្ថាបនាក្នុងការជំរុញឲ្យមានសន្តិភាព និងអំពាវនាវឲ្យមានការចរចា៕
អត្ថបទ៖ សុខមាន