យោងតាមសេចក្តីរាយការណ៍ក្នុងស្រុក បានឲ្យដឹងថា មនុស្សរាប់សិបនាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារយានដ្រូនរបស់កងកម្លាំងគាំទ្ររហ័ស(RSF)លើទីក្រុងសំខាន់មួយកន្លែង ស្ថិតក្នុងរដ្ឋញាំញីដោយជម្លោះ South Kordofan របស់ប្រទេសស៊ូដង់ ។
សារព័ត៌មាន Sudan Tribune រាយការណ៍ដោយលើកពីប្រភពក្នុងស្រុក និងក្រុមគ្រូពេទ្យថា តំបន់ជាច្រើននៅក្នុងទីក្រុង Dilling រួមទាំងទីស្នាក់ការកណ្តាលកងពលតូចលេខ ៥៤ របស់កងទ័ពស៊ូដង់ និងផ្សារកណ្តាល រងការវាយប្រហារដោយយានដ្រូនអត្តឃាត អំឡុងការវាយប្រហារកាលពីថ្ងៃពុធ ។

កាសែត Al Jazeera មិនអាចបញ្ជាក់ផ្ទៀងផ្ទាត់ដោយឯករាជ្យបាននោះទេ ចំពោះការវាយប្រហារចុងក្រោយរបស់កងកម្លាំង RSF ដែលបានកើតឡើងរយៈពេល ១ថ្ងៃប៉ុណ្ណោះ ក្រោយកងកម្លាំងប្រដាប់អាវុធស៊ូដង់(SAF) ដែលជាសម្ព័ន្ធមិត្តរបស់រដ្ឋាភិបាល បានប្រកាសថា ពួកគេបានបំបែកការឡោមព័ទ្ធរយៈពេលជិត ២ឆ្នាំរបស់កងកម្លាំង RSF លើទីក្រុង Dilling ដោយពួកគេគ្រប់គ្រងបានខ្សែចង្វាក់ផ្គត់ផ្គង់សំខាន់ៗជាច្រើន ។
ទីក្រុង Dilling ស្ថិតនៅពាក់កណ្តាលផ្លូវនៃទីក្រុង Kadugli ដែលជារដ្ឋធានីនៃរដ្ឋឡោមព័ទ្ធ South Kordofan និងទីក្រុង el-Obeid ដែលជារដ្ឋធានីនៃខេត្តជិតខាង North Kordofan ដែលកងកម្លាំង RSF ព្យាយាមឡោមព័ទ្ធអស់រយៈពេលជាយូរមកហើយ ។
សូមបញ្ជាក់ថា កងកម្លាំង RSF និងកងកម្លាំង SAF បានធ្វើសង្រ្គាមស៊ីវិលដ៏ឃោឃៅ ដើម្បីគ្រប់គ្រងប្រទេសស៊ូដង់ ចាប់តាំងពីខែមេសា ឆ្នាំ ២០២៣រហូតមក ដោយបានសម្លាប់មនុស្សរាប់ពាន់នាក់ និងមនុស្សរាប់លាននាក់ផ្សេងទៀត ជម្លៀសខ្លួន ។
ចាប់តាំងពីការឡោមព័ទ្ធត្រូវបានរុញច្រានចេញ ទីក្រុង Dilling បានមើលឃើញរលកនៃការវាយប្រហារយានដ្រូន ដែលបានបំផ្លិចបំផ្លាញអគារសេវាកម្ម និងបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សជាច្រើននាក់ ៕
