នៅក្នុងទីក្រុង Silwan តំបន់ហ្សេរុយសាឡឹមខាងកើត ស្ថិតនៅភាគខាងត្បូងព្រះវិហារ Al-Aqsa លោក Kayed Rajabi និងអ្នកជិតខាងរបស់លោក ត្រូវបានគេចេញបញ្ជាឲ្យបណ្តេញចេញ ដោយមានទំនោរទៅលើក្រុមអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលដែលបានដណ្តើមគ្រប់គ្រងរួចទៅហើយតំបន់មួយចំនួនក្នុងទីក្រុងប៉ាឡេស្ទីនមួយនេះ ។
ផ្ទះរបស់លោក Rajabi ហ៊ុមព័ទ្ធដោយអគារដែលមានដោតទង់ជាតិធំៗរបស់អ៊ីស្រាអែល គឺជាសញ្ញាមួយបង្ហាញថា អគារទាំងនេះ ត្រូវបានគ្រប់គ្រងដោយក្រុមអ្នកតាំងលំនៅនិគមន៍ដែលលោកនិយាយថា បានចាប់ផ្តើមទិញផ្ទះកាលពីឆ្នាំ ២០០៤ ហើយនិងទទួលបានអគារប្រហែល ៤០ខ្នងនៅទីក្រុង Silwan ក្នុងនោះការកាន់កាប់អគារភាគច្រើនតាមរយៈការបណ្តេញចេញដោយបង្ខំ ។

លោកនិយាយថា ក្រុមអ្នកតាំងលំនៅនិគមន៍ Ateret Cohanim បានដាក់តម្លៃទិញផ្ទះរបស់លោក និងផ្ទះរបស់ជនប៉ាឡេស្ទីនផ្សេងទៀត ប៉ុន្តែភាគច្រើននៃពួកយើង បដិសេធន៍មិនព្រមលក់នោះទេ ។
លោកថា រូបលោកស្ថិតនៅក្នុងចំណោមមនុស្ស ៣២គ្រួសារ រស់នៅក្នុងសង្កាត់ ដែលបច្ចុប្បន្នត្រូវបានគេបញ្ជាឲ្យចាកចេញ ក្នុងនោះរូបលោក និងបងប្អូនរបស់លោក ត្រូវបានគេទុកពេលឲ្យរហូតដល់ដំណាច់ពិធីបុណ្យតមអាហារ Ramadan នៅពាក់កណ្តាលខែមីនាខាងមុខនេះ ដើម្បីចាកចេញ ក្រោមការបញ្ជាពីតុលាការកំពូលអ៊ីស្រាអែល ដែលលោកបានបង្ហាញដល់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ។
លោកនិយាយទៀតថា គ្រួសាររបស់លោក បានរស់នៅទីនេះ ចាប់តាំងពីឆ្នាំ ១៩៦៧រហូតមក ហើយនិងបានទិញដីពីមន្រ្តីហ៊្សកដានី ។
លោក Daniel Luria គឺជាប្រធានប្រតិបត្តិការក្រុមតាំងលំនៅនិគមន៍ Ateret Cohanim បានចាត់ទុកជនប៉ាឡេស្ទីនរស់នៅក្នុងទីក្រុង Silwan ថាជាអ្នកមករស់នៅដោយខុសច្បាប់ ដោយរូបលោកបញ្ជាក់ថា ដីទាំងនេះ គ្រប់គ្រងដោយជនជាតិជ្វីហ្វយេម៉ែន មុនឆ្នាំ ១៩២៩ ហើយការយកមកវិញ គឺជាការកែតម្រូវភាពអយុត្តិធម៌ប្រវត្តិសាស្ត្រ ។ ចំណែកឯលោក Rajabi និយាយថា ការអះអាងបែបនេះ មិនពិតនោះទេ ៕
