សហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសអំពីការបន្តចែកចាយស្បៀងអាហារ នៅក្នុងប្រទេសសូម៉ាលី រយៈពេលប៉ុន្មានសប្តាហ៍ បន្ទាប់ពីការបំផ្លាញឃ្លាំងស្តុកស្បៀងអាហាររបស់កម្មវិធីស្បៀងអាហារពិភពលោក (WFP) ដែលផ្តល់មូលនិធិដោយសហរដ្ឋអាមេរិក នៅកំពង់ផែរបស់ទីក្រុងម៉ូហ្គាឌីស៊ូ។
នៅដើមខែមករា ទីក្រុងវ៉ាស៊ីនតោនបានផ្អាកជំនួយដល់ប្រទេសសូម៉ាលី ដោយសារតែរបាយការណ៍អំពីការលួច និងការជ្រៀតជ្រែករបស់រដ្ឋាភិបាល ដោយនិយាយថា មន្ត្រីសូម៉ាលីបាន «រឹបអូសដោយខុសច្បាប់នូវជំនួយស្បៀងអាហារចំនួន ៧៦តោន ដែលផ្តល់មូលនិធិដោយម្ចាស់ជំនួយ ដែលមានបំណងសម្រាប់ជនជាតិសូម៉ាលីដែលងាយរងគ្រោះ»។

បន្ទាប់មកមន្ត្រីសហរដ្ឋអាមេរិក បានព្រមានថា ជំនួយនាពេលអនាគតណាមួយ នឹងអាស្រ័យលើរដ្ឋាភិ បាលសូម៉ាលី ក្នុងការទទួលខុសត្រូវ ជាជំហរមួយដែលទីក្រុងម៉ូហ្គាឌីស៊ូ បានឆ្លើយតប ដោយនិយាយថា ការរុះរើឃ្លាំងស្តុកស្បៀងអាហារ គឺជាផ្នែកមួយនៃ «ការងារពង្រីក និងការប្រើប្រាស់កំពង់ផែនេះឡើង។
ទោះជាយ៉ាងណាក៏ដោយ កាលពីថ្ងៃពុធ រដ្ឋាភិបាលសូម៉ាលី បាននិយាយថា «ទំនិញរបស់អង្គការ WFP ទាំងអស់ដែលរងផលប៉ះពាល់ដោយការពង្រីកកំពង់ផែនេះ ត្រូវបានប្រគល់មកវិញហើយ»។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ប្រទេសសូម៉ាលី បាននិយាយថា ខ្លួន «ទទួលខុសត្រូវទាំងស្រុង» និងបាន «ផ្តល់ឲ្យកម្មវិធីស្បៀងអាហារពិភពលោកនូវឃ្លាំងស្តុកស្បៀងអាហារធំជាង និងសមរម្យជាងមុន នៅក្នុងតំបន់កំពង់ផែម៉ូហ្គាឌីស៊ូ»៕
