ក្រុមហ៊ុន Lukoil នៅថ្ងៃព្រហស្បតិ៍ (ទី២៩ ខែមករា ឆ្នាំ២០២៦) នេះ បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនផលិតប្រេងលំដាប់ទី ២ របស់រុស្ស៊ីមួយនេះ បានយល់ព្រមលក់ទ្រព្យសកម្មបរទេសភាគច្រើនរបស់ខ្លួន ដែលត្រូវបានប៉ាន់ប្រមាណថា មានតម្លៃប្រហែល ២២ពាន់លានដុល្លារ ទៅឲ្យក្រុមហ៊ុនភាគហ៊ុនឯកជនអាមេរិក Carlyle Group ដោយរង់ចាំតែការយល់ព្រមពីរដ្ឋាភិបាលអាមេរិកប៉ុណ្ណោះ។

ដោយស្ថិតក្រោមទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដោយសារវិធានការរបស់រុស្ស៊ី នៅអ៊ុយក្រែន ក្រសួងរតនាគារសហរដ្ឋអាមេរិក បានផ្តល់ពេលវេលាឲ្យក្រុមហ៊ុន Lukoil រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ដើម្បីឲ្យលក់ផលបត្រសកលរបស់ខ្លួន។ ប្រសិនបើមានការព្រមព្រៀងផ្លូវការកើតឡើង ការលក់នេះនឹងបញ្ចប់ការពង្រីកអាជីវកម្មនៅបរទេសរបស់ Lukoil ជាក្រុមហ៊ុនរុស្ស៊ីដែលមានពាក់ព័ន្ធនឹងទីផ្សារថាមពលអន្តរជាតិភាគច្រើនបំផុត។
ក្រុមហ៊ុន Lukoil បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានយល់ព្រមជាមួយក្រុមហ៊ុន Carlyle ដើម្បីលក់អង្គភាពរបស់ខ្លួន គឺ LUKOIL International GmbH ដែលត្រួតពិនិត្យទ្រព្យសកម្មបរទេសរបស់ក្រុមហ៊ុន។
ការលក់ទាំងនេះ រួមបញ្ចូលប្រតិបត្តិការនៅតំបន់អឺរ៉ុប មជ្ឈិមបូព៌ា អាហ្វ្រិក អាស៊ីកណ្តាល និងម៉ិកស៊ិក និងមានរាប់ចាប់ពីការគ្រប់គ្រងលើភាគហ៊ុន នៅក្នុងតំបន់វាលទាញយកប្រេងដ៏ធំល្វឹងល្វើយ West Qurna 2 របស់ប្រទេសអ៊ីរ៉ាក់ រហូតដល់រោងចក្រចម្រាញ់ប្រេង នៅប្រទេសប៊ុលហ្គារី និងរ៉ូម៉ានី៕
