រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi នឹងទៅទស្សនកិច្ចនៅប្រទេសទួរគី នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ នេះ ដើម្បីពិភាក្សាជាមួយសមភាគីរបស់លោក គឺលោក Hakan Fidan ស្តីពីការវិវត្តថ្មីៗ នៅក្នុងប្រទេសអ៊ីរ៉ង់ និងភាពតានតឹងជាមួយសហរដ្ឋអាមេរិក។ នេះបើយោងតាមប្រភពមួយពីក្រសួងការបរទេសទួរគី ដែលបាននិយាយឲ្យដឹង នៅថ្ងៃព្រហស្បតិ៍ (ទី២៩ ខែមករា) នេះ។
កាលពីថ្ងៃទី២៨ ខែមករា ប្រធានាធិបតីអាមេរិក លោក Donald Trump បានជំរុញឲ្យអ៊ីរ៉ង់ចូលកាន់តុចរចា ហើយធ្វើកិច្ចព្រមព្រៀង ជុំវិញកម្មវិធីអាវុធនុយក្លេអ៊ែរ ឬបើមិនដូច្នោះទេ ត្រូវប្រឈមនឹងការវាយប្រហារលើកក្រោយរបស់សហរដ្ឋអាមេរិក ដែលនឹងមានសភាពកាន់តែអាក្រក់ជាងមុនឆ្ងាយ។ លោក Trump បានបញ្ជូន «កងនាវា» ទៅកាន់តំបន់មជ្ឈិមបូព៌ា និងបានព្រមានទីក្រុងតេអេរ៉ង់កុំឲ្យសម្លាប់ក្រុមបាតុករប្រឆាំងរដ្ឋាភិបាល ឬចាប់ផ្តើមកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើងវិញ។

ទីក្រុងតេអេរ៉ង់ ដែលបានបង្ក្រាបយ៉ាងឃោរឃៅលើការតវ៉ាធំៗ នៅខែមករានេះ និងដែលបានសម្លាប់ ឬចាប់ខ្លួនមនុស្សរាប់ពាន់នាក់ បានឆ្លើយតបដោយគំរាមវាយប្រហារតបវិញទៅសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ្នកដែលគាំទ្រប្រទេសទាំង២។ មន្ត្រីអ៊ីរ៉ង់បានស្តីបន្ទោសភាពចលាចល ដែលជាការរំជើបរំជួលដ៏ធំបំផុត គិតចាប់តាំងពីបដិវត្តន៍ឆ្នាំ១៩៧៩ ទៅលើសត្រូវរបស់អ៊ីរ៉ង់ គឺអ៊ីស្រាអែល និងសហរដ្ឋអាមេរិក។
ប្រទេសសមាជិកអង្គការណាតូ (NATO) គឺទួរគី ដែលមានព្រំដែនជាប់ជាមួយអ៊ីរ៉ង់ បានបញ្ជាក់ថា ខ្លួនប្រឆាំងនឹងការជ្រៀតជ្រែកពីបរទេសណាមួយលើប្រទេសជិតខាងរបស់ខ្លួន និងបានជំរុញឲ្យទីក្រុងវ៉ាស៊ីនតោនដោះស្រាយបញ្ហារបស់ខ្លួនជាមួយអ៊ីរ៉ង់ «ម្តងមួយៗ»៕
