ក្រុមហ៊ុនអាកាសចរណ៍អេត្យូពី នៅថ្ងៃព្រហស្បតិ៍ (ទី២៩ ខែមករា ឆ្នាំ២០២៦) បានលុបចោលជើងហោះហើរទៅកាន់ដែនដីភាគខាងជើងនៃតំបន់ Tigray ហើយប្រជាជនកំពុងព្យាយាមនាំគ្នាដកប្រាក់ពីធនាគារ បន្ទាប់ពីការប៉ះទង្គិចគ្នា រវាងកងកម្លាំងក្នុងតំបន់ និងកងកម្លាំងជាតិ បានធ្វើឲ្យមានក្ដីបារម្ភកាន់តែខ្លាំងឡើងៗ ពីការកើតជម្លោះឡើងវិញជាថ្មី។
កងទ័ពជាតិអេត្យូពី បានប្រយុទ្ធជាមួយយុទ្ធជនមកពីគណបក្សរណសិរ្សរំដោះប្រជាជន Tigray (TPLF) រយៈពេល ២ឆ្នាំ រហូតដល់ចុងឆ្នាំ២០២២ ជាជម្លោះមួយដែលបានសម្លាប់មនុស្សជាងកន្លះលាននាក់ និងបង្ខំឲ្យមនុស្សរាប់លាននាក់ទៀតត្រូវផ្លាស់ទីលំនៅ។

ការប៉ះទង្គិចគ្នា បានផ្ទុះឡើងនៅក្នុងតំបន់ជម្លោះភាគខាងលិចនៃដែនដីនេះ កាលពីដើមសប្តាហ៍នេះ។ នេះបើយោងតាមប្រភពការទូត និងរដ្ឋាភិបាល។
ដោយមិនផ្តល់ពីហេតុផល មន្ត្រីក្រុមហ៊ុនអាកាសចរណ៍ជាតិអេត្យូពី បានប្រាប់សារព័ត៌មាន Reuters ថា «គិតត្រឹមថ្ងៃនេះ ជើងហោះហើរទាំងអស់ត្រូវបានលុបចោល»។
ប្រជាជនម្នាក់នៃរដ្ឋធានី Mekelle របស់តំបន់ Tigray បាននិយាយថា មនុស្សរាប់រយនាក់ បានចាប់ផ្តើមតម្រង់ជួរ ដើម្បីដកប្រាក់នៅថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែធនាគារជាច្រើនបានអស់សាច់ប្រាក់។
សង្គ្រាមនៅតំបន់ Tigray បានបញ្ចប់ដោយមានកតិកាសញ្ញាសន្តិភាពខែវិច្ឆិកា ឆ្នាំ២០២២ ប៉ុន្តែការខ្វែងគំនិតគ្នា មិនត្រូវបានដោះស្រាយ ជុំវិញបញ្ហាជាច្រើន ក្នុងនោះរួមទាំងទឹកដីដែលមានជម្លោះ នៅភាគខាងលិចតំបន់ Tigray និងការរំសាយអាវុធរបស់កងកម្លាំង Tigray ដែលត្រូវបានពន្យារពេល៕
