រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក នៅថ្ងៃព្រហស្បតិ៍ (ទី២៩ ខែមករា ឆ្នាំ២០២៦) បានប្រាប់ឲ្យដឹងថា លោកកាន់តែមាន «សុទិដ្ឋិនិយមបន្ថែមទៀត» បន្ទាប់ពីកិច្ចពិភាក្សាបច្ចេកទេស បានចាប់ផ្តើមឡើងជាមួយសហរដ្ឋអាមេរិក ជុំវិញបញ្ហាកោះ Greenland។
នៅឯកិច្ចប្រជុំរបស់សហភាពអឺរ៉ុប (EU) ក្នុងទីក្រុងប៊្រុចសែល ប្រទេសបែលហ្ស៊ិក លោក Lars Lokke Rasmussen បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងមានកិច្ចប្រជុំលើកដំបូង ជាកម្រិតមន្ត្រីជាន់ខ្ពស់ នៅទីក្រុងវ៉ាស៊ីនតោន កាលពីម្សិលមិញ ទាក់ទងនឹងបញ្ហា Greenland»។
លោកបានបញ្ជាក់ថា៖ «វាបានដំណើរការទៅដោយរលូន ក្នុងបរិយាកាសដ៏វិជ្ជមានប្រកបដោយការស្ថាបនាខ្ពស់ ហើយកិច្ចប្រជុំថ្មីត្រូវបានគ្រោងទុក។ វាមិនមែនមានន័យថា អ្វីៗត្រូវបានដោះស្រាយហើយនោះទេ ប៉ុន្តែវាគឺល្អប្រសើរ»។
កិច្ចពិភាក្សាត្រីភាគីនេះ បានកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីសប្តាហ៍មុន បានដកការគំរាមកំហែងរបស់លោក ក្នុងការដណ្តើមកាន់កាប់ដែនដីអាក់ទិកស្វយ័តរបស់ប្រទេសដាណឺម៉ាក ដែលជាសមាជិករបស់ EU និងអង្គការណាតូ (NATO)។
លោក Rasmussen បាននិយាយបន្ថែមថា៖ «វាមានបញ្ហាដ៏ធំ។ អ្វីៗកំពុងតានតឹងខ្លាំងឡើងៗ ប៉ុន្តែឥឡូវនេះ យើងបានវិលត្រលប់មករកផ្លូវត្រូវវិញហើយ។ ថ្ងៃនេះ ខ្ញុំមានសុទិដ្ឋិនិយមបន្តិច ជាងកាលពីមួយសប្តាហ៍មុន»។
ការគំរាមកំហែងរបស់លោក Trump លើដែនដី Greenland បានធ្វើឲ្យសម្ព័ន្ធភាពឆ្លងមហាសមុទ្រអាត្លង់ទិក ធ្លាក់ចូលទៅក្នុងវិបត្តិដ៏ជ្រៅបំផុតលើកដំបូង ក្នុងរយៈពេលជាច្រើនឆ្នាំ។ មេដឹកនាំអាមេរិកដែលមិនអាចទាយទុកជាមុនបានរូបនេះ បានដកបំណងប្រាថ្នា ក្នុងការគ្រប់គ្រងកោះ Greenland បន្ទាប់ពីបាននិយាយថា លោកបានឈានដល់កិច្ចព្រមព្រៀង «ក្របខ័ណ្ឌ» ជាមួយប្រមុខអង្គការណាតូ លោក Mark Rutte ដែលធានាបាននូវឥទ្ធិពលរបស់អាមេរិកកាន់តែធំជាងមុន៕