វាយកូនបាល់៖ ក្រុមវាយកូនបាល់ស៊ែបនឹងចូលជំនួសរុស្ស៊ីនៅពានរង្វាន់ Davis Cup ដែលជាការប្រកួតតំណាងប្រទេសផ្នែកបុរស ខណៈអូស្ត្រាលីនឹងជំនួសរុស្ស៊ីផងដែរនៅពានរង្វាន់ Billie Jean King Cup ដែលជាការប្រកួតតំណាងប្រទេសផ្នែកនារី។

ក្រុមវាយកូនបាល់រុស្ស៊ី និងបេឡារុសត្រូវបានសហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិ ព្យួរការប្រកួតលក្ខណៈអន្តរជាតិដោយសារតែបញ្ហាសង្គ្រាមរបស់រុស្ស៊ីមកលើអ៊ុយក្រែន។ ស៊ែប និងអូស្ត្រាលីជាក្រុមដែលមានលំដាប់ខ្ពស់បំផុតក្នុងព្រឹត្តិការណ៍នីមួយៗកាលពីឆ្នាំ២០២១ ដោយឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទាំងពីរកម្មវិធី។ សំរាប់ការប្រកួតផ្នែកនារី Billie Jean King Cup ក្រុមស្លូវ៉ាគី និងប៊ែលហ្ស៊ិកទទួលបានកៅអីដោយស្វ័យប្រវត្តិផងដែរ ដោយសារស្លូវ៉ាគីត្រូវប្រកួតជំរុះជាមួយអូស្ត្រាលី ឯប៊ែលហ្ស៊ិកត្រូវជួបជាមួយបេឡារុស។
មានន័យថា អូស្ត្រាលី ស្លូវ៉ាគី និងប៊ែលហ្ស៊ិកនឹងឡើងទៅការប្រកួតដោយស្វ័យប្រវត្តិតែម្តង តែការប្រកួត Billie Jean King Cup នេះនៅមិនទាន់កំណត់ប្រទេសម្ចាស់ផ្ទះនៅឡើយ។ ចំណែកឯ Davis Cup ការប្រកួតផ្នែកបុរសវិញ ស៊ែបដែលចាញ់នៅវគ្គជំរុះកាលពីខែមុនបានទទួលកៅអីវិញ។ សូមរំលឹកថា ក្រុមរុស្ស៊ីទាំងបុរស និងនារីគឺជាជើងឯក Davis Cup និង Billie Jean King Cup ឆ្នាំ២០២១ កន្លងទៅ៕
អត្ថបទ៖នាង សុភាវុធ