លោក Ario Kavousi គឺជាពលរដ្ឋអ៊ីរ៉ង់មួយរូបរស់នៅក្នុងប្រទេសក្រិក បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីថ្ងៃពុធថា លោកពុំបាននិយាយជាមួយក្រុមគ្រួសាររបស់លោក ឬមិត្តភ័ក្តិរបស់លោកនៅអ៊ីរ៉ង់ អស់រយៈពេល ២១ថ្ងៃកន្លងមកនេះ ស្របពេលដែលការដាច់អ៊ីនធឺណិតនៅតែបន្ត ។
លោក Kavousi គ្រប់គ្រងក្រុមហ៊ុនខ្នាតតូចក្នុងវិស័យបច្ចេកវិទ្យាបដិសណ្ឋារកិច្ចក្នុងទីក្រុងអាតែន ធ្លាប់និយាយជាមួយគ្រួសារតាមកុំព្យូទ័រ ឬកម្មវិធីទូរស័ព្ទ ឬតាមរយៈខ្សែកាបផងដែរ តែឥឡូវត្រូវបានកាត់ផ្តាច់ទាំងអស់ ។
លោកបន្តថា រឿងដែលគួរឲ្យភ័យខ្លាចបំផុតនោះ គឺលោកមិនដឹងថាតើសាច់ញាតិរបស់លោក មនុស្សជាទីស្រលាញ់របស់លោក នៅរស់ ឬយ៉ាងណានោះទេ ។
លោក Kavousi បានអំពាវនាវដល់សហគមន៍អន្តរជាតិ ឲ្យស្វែងរកដំណោះស្រាយចំពោះការដាច់អ៊ីនធឺណិតនេះ ។ លោកថា ពួកយើងរស់នៅក្នុងឆ្នាំ ២០២៦ មិនមែនរស់នៅក្នុងឆ្នាំ ១៩៥៥នោះទេ អ្នកចង់និយាយប្រាប់លោកឥឡូវ សហរដ្ឋអាមេរិក អឺរ៉ុប លោក Elon Musk ថាពួកគេមិនអាចតភ្ជាប់អ៊ីនធឺណិតបណ្តោះអាសន្នបានមែននៅអ៊ីរ៉ង់? តាមរយៈ Starlink ឬ ផ្កាយរណបពិតមែន?
អ៊ីរ៉ង់បានបិទអ៊ីនធឺណិត ចាប់តាំងពីថ្ងៃទី ៨ ខែមករា រហូតមក ក្រោយបាតុកម្មប្រឆាំងរដ្ឋាភិបាល នៅទូទាំងប្រទេសកាលពីខែធ្នូ បង្កឲ្យមានការបង្រ្កាបបង្ហូរឈាមបំផុតដោយក្រុមអាជ្ញាធរ ចាប់តាំងពីបដិវត្តន៍អ៊ិស្លាមឆ្នាំ ១៩៧៩ ជាហេតុធ្វើឲ្យមានការថ្កោលទោសយ៉ាងខ្លាំងពីអន្តរជាតិ ។
យោងតាមតួលេខចេញកាលពីថ្ងៃអង្គារ ដោយក្រុមសិទ្ធិមនុស្ស HRANA មានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានឲ្យដឹងថា ចំនួនមនុស្សស្លាប់ពាក់ព័ន្ធនឹងភាពរំជើបរំជួលនេះដែលត្រូវបានបញ្ជាក់ផ្ទៀងផ្ទាត់ បានកើនឡើងដល់ ៦.១២៦នាក់ រួមទាំងកម្លាំងសន្តិសុខ ២១៤នាក់ផងដែរ ៕