កាលពីថ្ងៃពុធម្សិលមិញ តុលាការហូឡង់ បានចេញសេចក្តីសម្រេចថា រដ្ឋាភិបាលត្រូវតែកំណត់គោលដៅបំភាយឧស្ម័នផ្ទះកញ្ចក់ឲ្យឈានដល់កម្រិតសូន្យអង្សាសេនៅឆ្នាំ ២០៥០ ដើម្បីការពារកោះ Bonaire របស់ហូឡង់ ស្ថិតក្នុងតំបន់ការ៉ាអ៊ីប ។
តុលាការបានទុកពេលឲ្យរដ្ឋាភិបាលហូឡង់រយៈពេល ១៨ខែ ដើម្បីបង្កើតផែនការស្របច្បាប់ដែលមិនអាចទុកជាមោឃៈបាន ក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ មកនៅត្រឹមកម្រិតសូន្យអង្សាសេនៅឆ្នាំ ២០៥០ ដូចដែលបានព្រមព្រៀងនៅក្នុងសន្ធិសញ្ញាអន្តរជាតិ ។
ក្រុមអ្នកជំនាញច្បាប់ និយាយថា ករណីដែលលើកឡើងដោយក្រុមបរិស្ថានឧស្ម័នផ្ទះកញ្ចក់តំណាងឲ្យអ្នកស្រុករស់នៅលើកោះ Bonaire គឺជាករណីមួយក្នុងចំណោមករណីលើកដំបូង ដើម្បីធ្វើតេស្តកាតព្វកិច្ចអាកាសធាតុក្នុងកម្រិតថ្នាក់ជាតិ កំណត់នៅក្នុងសេចក្តីសម្រេចអាកាសធាតុអឺរ៉ុបឆ្នាំ ២០២៤ ហើយនិងយោបល់ប្រឹក្សារបស់តុលាការពិភពលោកកាលពីឆ្នាំមុន ។
នៅក្នុងសវនាការកាលពីខែតុលា ឆ្នាំមុន អ្នកស្រុករស់នៅលើកោះ Bonaire បាននិយាយប្រាប់តុលាការស្រុកក្រុងឡាអេថា បម្រែបម្រួលអាកាសធាតុ បានធ្វើឲ្យជីវិតអ្នករស់នៅលើកោះ មិនអាចស៊ូទ្រំាបាននឹងរលកកម្តៅដ៏ក្តៅខ្លាំង និងអាកាសធាតុស្ងួត ហើយវាបានធ្វើឲ្យប៉ះពាល់ដល់ដំណាំ និងសុខភាពអ្នករស់នៅលើកោះផងដែរ ។
កោះ Bonaireដែលស្ថិតនៅភាគខាងត្បូងតំបន់ការ៉ាអ៊ីប គឺជាអតីតដែនអាណានិគមរបស់ហូឡង់ ហើយនិងបានក្លាយជាទីក្រុងពិសេសរបស់ហូឡង់កាលពីឆ្នាំ ២០១០ ។ កោះមួយនេះ មានពលរដ្ឋរស់នៅប្រមាណ ២ម៉ឺននាក់ ដែលជាជនជាតិហូឡង់ ៕