
ជនប៉ាឡេស្ទីននៅទីក្រុងហ្កាហ្សា និយាយថា ពួកគេបានងាកទៅរកការដុតថង់ប្លាស្ទិក និងអុស ដើម្បីរក្សាភាពកក់ក្តៅ និងចម្អិនចំណីអាហារ ដោយសារកង្វះខាតហ្គាសនៅដែនដីបិទច្រកប៉ាឡេស្ទីនមួយនេះ ។
អង្គុយនៅក្រៅជម្រកតង់របស់គាត់ អ្នកស្រី Hanan Al-Attar ស្រ្តីជាម្តាយមានកូន ៦នាក់ បាននិយាយរៀបរាប់ពីការលំបាករាល់ថ្ងៃរបស់គាត់ ដោយប្រើប្រាស់ថង់ប្លាស្ទិក ដើម្បីបំភ្លឺភ្លើង រក្សាភាពកក់ក្តៅ បើទោះបីជាមានហានិភ័យដល់សុខភាព បង្កឡើងពីផ្សែងរបស់វាក៏ដោយ ។
ស្រ្តីវ័យ ៤៥ឆ្នាំរូបនេះ និយាយថា ពេលដែលកូនៗរបស់ពួកយើង និងខ្លួនពួកយើងផ្ទាល់អង្គុយនៅជាប់ភ្លើងបែបនេះ ផ្សែងរបស់វាមានគ្រោះថ្នាក់ណាស់ ។ ពួកយើងអង្គុយបែបនេះ អស់រយៈពេល ២ឆ្នាំមកហើយ ដូច្នេះហើយគួរណាស់តែពួកយើងលែងអង្គុយបែបនេះតទៅទៀតទេ ព្រោះវាអាចបណ្តាលឲ្យពួកយើងស្លាប់បាន ដោយសារស្រូបផ្សែងពុលរបស់វា ។
ជនប៉ាឡេស្ទីនផ្សេងទៀត បានបន្ទរក្តីបារម្ភរបស់អ្នកស្រី Attar ផងដែរ ។ លោក Mohammed al-Suwair ជាឪពុកមានកូន ៣នាក់ បានត្អូញត្អែរថា កូនៗរបស់គាត់បានក្អក ។
លោកបន្តថា វាធ្វើឲ្យណែនទ្រូង និងបង្កកង្វក់បរិយាកាស ហើយផ្សែងខ្មៅកើតចេញពីការដុតថង់ប្លាស្ទិកទាំងនេះ ធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ពួកយើងយ៉ាងខ្លាំង ។
យោធាអ៊ីស្រាអែល និយាយកាលពីថ្ងៃចន្ទថា ពួកគេបានរកឃើញសាកសពចំណាប់ថ្នូរសេសសល់ចុងក្រោយគេ នៅតំបន់ហ្កាហ្សា ជាការបំពេញលក្ខខណ្ឌសំខាន់ក្នុងដំណាក់កាលដំបូងនៃផែនការសន្តិភាពរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដើម្បីបញ្ចប់សង្រ្គាមនៅដែនដីប៉ាឡេស្ទីន មួយនេះ ។
ដំណាក់កាលទី ២ ដែលទីក្រុងវ៉ាស៊ីនតោនប្រកាស បានចាប់ផ្តើមនៅដើមខែនេះ រួមទាំងការបើកច្រកព្រំដែន Rafah ឡើងវិញ ស្ថិតនៅជាប់ព្រំដែនប្រទេសអេហ្ស៊ីប ៕