សហរដ្ឋអាមេរិក៖ យោងតាមមន្ត្រីរដ្ឋបាលចំនួន ២រូប សេតវិមានកំពុងពិចារណាឲ្យមានដំណើររបស់លោកប្រធានាធិបតី Joe Biden ទៅកាន់អឺរ៉ុបក្នុងពេលប៉ុន្មានសប្ដាហ៍ខាងមុខ ជាការបង្ហាញការគាំទ្រដល់ប្រទេសអ៊ុយក្រែន និងបណ្ដាសម្ព័ន្ធមិត្តរបស់ខ្លួន។
ក្រុមមន្ត្រីបានព្រមានថា ដំណើរនេះមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ហើយក៏អាចនឹងមិនធ្វើឡើងបាន អាស្រ័យទៅលើស្ថានភាពការវាយលុករបស់រុស្ស៊ី ប្រសិនបើដំណើរនោះប្រព្រឹត្តទៅបានអាចនឹងមានចំណុចសំចតសម្រាប់លោក Biden នៅក្នុងទីក្រុង Brussels ជាមូលដ្ឋានសម្ព័ន្ធយោធាណាតូ និងសហភពអឺរ៉ុប។ សេតវិមានបានផ្ដោតលើការរួបរួមសម្ព័ន្ធមិត្តដើម្បីគាំទ្ររដ្ឋធានី Kyiv និងធ្វើឲ្យទីក្រុង Moscow ឯកា ខណៈមានការលុកលុករបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin លើអ៊ុយក្រែន។
ចាប់តាំងពីរុស្ស៊ីចាប់ផ្ដើមវាយប្រហារដោយគ្មានហេតុផលលើអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ លោក Biden បានដើរតួនាទីដឹកនាំការបង្រួបបង្រួមសមាជិកណាតូ និងប្រទេស G-7 ដើម្បីប្រឆាំងនឹងលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ដោយការដាក់ទណ្ឌកម្មចម្រុះផ្នែកសេដ្ឋកិច្ច និងការរារាំងខាងយោធា៕
អត្ថបទ៖ សុខមាន