យោងតាមការចុះផ្សាយពីសារព័ត៌មានក្នុងស្រុករបស់អ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍ (២៩ មករា) ដោយដកស្រង់ទិន្នន័យផ្ទៀងផ្ទាត់របស់ទូរទស្សន៍ BBC បានបង្ហាញថា យ៉ាងហោចណាស់មាននាវាចម្បាំងអាមេរិកចំនួន ១០គ្រឿង ត្រូវបានគេជឿជាក់ថា កំពុងប្រតិបត្តិការនៅដែនទឹកតំបន់មជ្ឈិមបូព៌ា រួមទាំងនាវាផ្ទុកយន្តហោះ USS Abraham Lincoln ដ៏ធំផងដែរ។

របាយការណ៍និយាយថា នាវាពិឃាតមីស៊ីលប្រើប្រព័ន្ធទូរបញ្ចារបស់អាមេរិក ឈ្មោះ USS Delbert D. Black ត្រូវបានតាមដានឃើញថា កំពុងធ្វើដំណើរតាមព្រែកជីកស៊ុយអេ ឆ្ពោះទៅឈូងសមុទ្រកាលពីថ្ងៃពុធ ដោយដកស្រង់ទិន្នន័យតាមដាននាវាពីគេហទំព័រ MarineTraffic។ ក្រោយមក នៅថ្ងៃព្រហស្បតិ៍ មន្ត្រីអាមេរិកម្នាក់បានប្រាប់សារព័ត៌មានរ៉យទ័រថា នាវាពិឃាតថ្មីនេះ បានចូលដល់មជ្ឈិមបូព៌ាហើយ ខណៈមន្ត្រីអ៊ីរ៉ង់ កំពុងរៀបចំខ្លួនសម្រាប់ការប្រឈមមុខដាក់គ្នាផ្នែកយោធាជាមួយអាមេរិក។

កាលពីថ្ងៃអង្គារ មន្ត្រីអាមេរិកម្នាក់បានបញ្ជាក់ប្រាប់ BBC ថា នាវាផ្ទុកយន្តហោះរបស់អាមេរិក កំពុងស្ថិតនៅក្នុងតំបន់នោះ ទោះបីជាមិនបានបង្ហាញខ្លួនលើគេហទំព័រតាមដាននាវាសាធារណៈអស់ជាង ១សប្តាហ៍ក៏ដោយ។ របាយការផ្ទៀងផ្ទាត់ BBC ក៏បានតាមដានឃើញ យន្តហោះ Osprey របស់កងទ័ពជើងទឹកអាមេរិក កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដែលហោះហើរនៅក្នុងឈូងសមុទ្រ ឆ្ពោះទៅកាន់ប្រទេសអូម៉ង់។ យន្តហោះ Osprey នេះគឺជាយានដឹកជញ្ជូនដែលគេដឹងថា ដំណើរការចេញពីនាវាផ្ទុកយន្តហោះ USS Abraham Lincoln។
យន្តហោះ Osprey មួយគ្រឿងទៀតក៏ត្រូវបានតាមដានឃើញផងដែរក្នុងសប្ដាហ៍នេះ ដោយបានផ្សាយទីតាំងរបស់ខ្លួននៅឯឆ្នេរសមុទ្រអូម៉ង់ ហើយរបាយការផ្ទៀងផ្ទាត់ BBC បាននិយាយថា ទាំងនេះអាចបង្ហាញច្បាស់ថា យុទ្ធោបករណ៍ទាំងនេះកំពុងប្រតិបត្តិការនៅក្នុងតំបន់មជ្ឈិមបូព៌ា៕

