រដ្ឋមន្ត្រីការបរទេសហ្វីលីពីនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ២៩ មករាសប្ដាហ៍នេះថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍មិនទទួលស្គាល់ការបោះឆ្នោតដែលទើបធ្វើឡើងថ្មីៗនេះនៅក្នុងប្រទេសមីយ៉ាន់ម៉ាទេ ដែលជាការបោះឆ្នោតលើកដំបូងចាប់តាំងពីកងទ័ពដណ្តើមអំណាចក្នុងឆ្នាំ ២០២១។

ការមិនទទួលស្គាល់ការបោះឆ្នោតនៅមីយ៉ាន់ម៉ារបស់អាស៊ាន (ASEAN) ដែលគណបក្សគាំទ្រដោយយោធាអះអាងថាបានទទួលជ័យជម្នះ គឺជាការវាយប្រហារដ៏ធំមួយចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មេដឹកនាំយោធាមនៃប្រទេសនេះ ដើម្បីទទួលបានការទទួលស្គាល់ពីអន្តរជាតិ។
ប្លុកតំបន់ ដែលមានសមាជិកចំនួន ១១ ប្រទេស រួមទាំងមីយ៉ាន់ម៉ា បានបដិសេធមិនទទួលស្គាល់រដ្ឋាភិបាលដែលគ្រប់គ្រងដោយយោធាចាប់តាំងពីកងទ័ពបានដណ្តើមអំណាចដោយបង្ខំពីរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី ក្នុងឆ្នាំ ២០២១។ ការដណ្តើមអំណាចបានធ្វើឱ្យប្រទេសក្រីក្រនេះ ធ្លាក់ក្នុងសង្គ្រាមស៊ីវិលដ៏ធ្ងន់ធ្ងរដល់បច្ចុប្បន្ន។
នៅពេលសួរក្នុងសន្និសីទសារព័ត៌មានមួយថា តើប្លុកនេះមិនទទួលស្គាល់ការបោះឆ្នោតនៅមីយ៉ាន់ម៉ាទេ លោកស្រីរដ្ឋមន្ត្រីការបរទេសហ្វីលីពីន Theresa Lazaro បាននិយាយថា ពិតមែនហើយ គិតត្រឹមពេលនេះ ហើយបានបន្ថែមថា អាស៊ាន មិនបានគាំទ្រដំណាក់កាលទាំងបីនៃការបោះឆ្នោត ដែលបានធ្វើឡើងនោះទេ។
គណបក្សសាមគ្គីភាពសហភាព និងអភិវឌ្ឍន៍របស់មីយ៉ាន់ម៉ា គាំទ្រដោយយោធា បានអះអាងកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា ខ្លួនបានឈ្នះការបោះឆ្នោតហើយ។ ជ័យជម្នះរបស់គណបក្សដែលដឹកនាំដោយអតីតឧត្តមសេនីយ៍មួយរូប ត្រូវគេរំពឹងទុកយ៉ាងទូលំទូលាយ បន្ទាប់ពីការបោះឆ្នោតនោះបានដកចេញគណបក្សប្រឆាំងធំៗ ហើយការប្រឆាំងត្រូវបានដាក់កម្រិតយ៉ាងតឹងរ៉ឹង ៕

