ប្រភពព័ត៌មានជាច្រើនបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា កងកម្លាំងសន្តិសុខអ៊ីរ៉ង់ ស្លៀកពាក់ស៊ីវិល បានចុះឃាត់ខ្លួនមនុស្សរាប់ពាន់នាក់ នៅក្នុងយុទ្ធនាការចាប់ខ្លួនទ្រង់ទ្រាយធំនៅទូទាំងប្រទេស និងការគំរាមកំហែង ដើម្បីរារាំងកុំឱ្យមានការតវ៉ាបន្ថែមទៀត បន្ទាប់ពីបង្ក្រាបភាពចលាចលបង្ហូរឈាមបំផុតមិនធ្លាប់មាន ចាប់តាំងពីបដិវត្តន៍អ៊ិស្លាមឆ្នាំ១៩៧៩មក។

ការតវ៉ា ដែលបានចាប់ផ្តើមដំបូងក្នុងទ្រង់ទ្រាយតូចកាលពីខែធ្នូឆ្នាំមុន នៅទីក្រុងតេអេរ៉ង់ ជុំវិញការលំបាកផ្នែកសេដ្ឋកិច្ច បានប្រែក្លាយជាចលនាមិនពេញចិត្តកាន់តែទូលំទូលាយ ហើយបានកើនឡើងយ៉ាងឆាប់រហ័សទៅជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរបំផុតចំពោះលទ្ធិធិបតេយ្យនិកាយស៊ីអ៊ីតរបស់អ៊ីរ៉ង់ ក្នុងរយៈពេលជិតប្រាំទសវត្សរ៍មកនេះ។
យោងតាមក្រុមសិទ្ធិមនុស្ស អាជ្ញាធរបានកាត់ផ្តាច់ការចូលប្រើប្រាស់អ៊ីនធឺណិត និងបង្ក្រាបភាពចលាចលដោយប្រើកម្លាំងដ៏ខ្លាំងក្លា ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់។ ទីក្រុងតេអេរ៉ង់ បានស្តីបន្ទោសហ្វូងបាតុករថាជា «ភេរវករប្រដាប់អាវុធ» ដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ចំពោះអំពើហិង្សានេះ។
យោងតាមប្រភពសកម្មជននៅអ៊ីរ៉ង់ បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ (២៩ មករា) ថា ក្នុងប៉ុន្មានថ្ងៃមកនេះ កងកម្លាំងសន្តិសុខស្លៀកពាក់ធម្មតា បានចាប់ផ្តើមយុទ្ធនាការចាប់ខ្លួនយ៉ាងទូលំទូលាយ អមដោយវត្តមាននៅតាមដងផ្លូវកាន់តែច្រើនឡើង ដែលមានមូលដ្ឋាននៅជុំវិញចំណុចត្រួតពិនិត្យ ហើយអ្នកដែលត្រូវបានចាប់ខ្លួន ត្រូវបានបញ្ជូនទៅក្នុងបន្ទប់ឃុំឃាំងសម្ងាត់។
របាយការណ៍ស្រដៀងគ្នានេះត្រូវបានផ្តល់ទៅឱ្យសារព័ត៌មានរ៉យទ័រ ដោយក្រុមមេធាវី គ្រូពេទ្យ សាក្សី និងមន្ត្រីអ៊ីរ៉ង់ ដែលបាននិយាយថា ការឃាត់ខ្លួននេះហាក់ដូចជាមានគោលបំណងទប់ស្កាត់ មិនឱ្យការតវ៉ាយ៉ាងធ្ងន់ធ្ងរណាមួយពុះកញ្រ្ជោលឡើងវិញម្ដងទៀត ខណៈដែលរបបអ៊ីរ៉ង់ កំពុងប្រឈមមុខនឹងសម្ពាធខាងក្រៅកាន់តែខ្លាំងឡើង ជាពិសេសពីសហរដ្ឋអាមេរិក៕

