ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានព្រមានចក្រភពអង់គ្លេស ជុំវិញការធ្វើអាជីវកម្មជាមួយទីក្រុងប៉េកាំង ខណៈលោកនាយករដ្ឋមន្ត្រី Keir Starmer បានលើកសរសើរអត្ថប្រយោជន៍សេដ្ឋកិច្ចដ៏ច្រើនសន្ធឹកសន្ធាប់ នៃការកំណត់ទំនាក់ទំនងជាមួយប្រទេសចិនឡើងវិញ ក្នុងអំឡុងទស្សនកិច្ចនៅទីនោះនាថ្ងៃសុក្រ ទី៣០ ខែមករា នេះ។

មេដឹកនាំលោកខាងលិចកំពុងតែងាកចេញពីភាពមិនអាចទាយទុកជាមុនបានរបស់លោក Trump ហើយលោក Starmer គឺជាមេដឹកនាំលោកខាងលិចចុងក្រោយបង្អស់ ដែលបានទស្សនកិច្ចទៅកាន់ប្រទេសចិន។ នៅក្នុងកិច្ចពិភាក្សារយៈពេល ៣ម៉ោងជាមួយប្រធានាធិបតីចិន លោក Xi Jinping កាលពីថ្ងៃព្រហស្បតិ៍ មេដឹកនាំអង់គ្លេសរូបនេះបានអំពាវនាវឱ្យមាន «ទំនាក់ទំនងដ៏ទំនើបជាងមុន» ជាមួយនឹងការចូលទៅកាន់ទីផ្សារកាន់តែប្រសើរឡើង ពន្ធគយទាប និងកិច្ចព្រមព្រៀងវិនិយោគ។
ប៉ុន្តែនៅទីក្រុងវ៉ាស៊ីនតោនវិញ លោក Trump បានឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មានអំពីទំនាក់ទំនងដ៏ជិតស្និទ្ធនេះថា៖ «ជារឿងគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់មេដឹកនាំទាំងពីរក្នុងការធ្វើបែបនោះ» ប៉ុន្តែលោកមិនបានពន្យល់លម្អិតថាចង់សំដៅលើអ្វីនោះទេ។
ខណៈដែលលោក Trump អត្ថាធិប្បាយបែបនេះ លោក Starmer បានប្រាប់កិច្ចប្រជុំវេទិកាពាណិជ្ជកម្មចក្រភពអង់គ្លេស-ចិន នៅក្នុងរដ្ឋធានីចិន នាថ្ងៃសុក្រនេះថា កិច្ចប្រជុំ «ដ៏កក់ក្តៅ» របស់លោក ជាមួយលោក Xi បានផ្តល់នូវ «កម្រិតនៃការចូលរួមដែលអង់គ្លេសសង្ឃឹមទុក»។ កាលពីសប្តាហ៍មុន លោក Trump ដែលមានគម្រោងទៅទស្សនកិច្ចនៅចិនក្នុងខែមេសាខាងមុខ បានគំរាមដំឡើងពន្ធលើកាណាដា បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី Mark Carney បានឈានដល់កិច្ចព្រមព្រៀងសេដ្ឋកិច្ចជាមួយទីក្រុងប៉េកាំង ក្នុងដំណើរទស្សនកិច្ចថ្មីៗនេះ៕

