អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរេស ( Antonio Guterres) កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវឲ្យមានការសន្ទនាអំពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ ដើម្បីជៀសវាងវិបត្តិដ៏មហន្តរាយ។

លោកបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដើមឆ្នាំថា៖«យើងជឿជាក់ថា នេះគឺជារឿងសំខាន់សម្រាប់ ការសន្ទនាដែលអនុញ្ញាតឲ្យមានកិច្ចព្រមព្រៀងមួយទាក់ទងនឹងបញ្ហានុយក្លេអ៊ែរ ហើយយើងអាចជៀសវាងវិបត្តិដែលអាចមានផលវិបាកយ៉ាងធ្ងន់ធ្ងរនៅក្នុងតំបន់»។

លោក ហ្គុយតឺរេស បាននិយាយថា៖«ខ្ញុំគិតថា វាចាំបាច់ណាស់ដែលការសន្ទនាទទួលបានជោគជ័យ។ ខ្ញុំសូមលើកទឹកចិត្តយ៉ាងខ្លាំងក្លាឲ្យមានការសន្ទនា ដើម្បីទាញយកអត្ថប្រយោជន៍ពីការផ្តល់ជូននូវការសម្របសម្រួលដែលត្រូវបានលើកឡើង»។
លោកបានបញ្ជាក់ថា៖«យើងមិនចង់ឃើញទេ ហើយខ្ញុំជឿថា អ៊ីរ៉ង់ប្រាប់យើងថា ពួកគេក៏មិនចង់មានអាវុធនុយក្លេអ៊ែរដែរ ដូច្នេះប្រសិនបើដូច្នោះមែន លក្ខខណ្ឌទាំងអស់ គឺមានសម្រាប់ការចរចាដ៏ហ្មត់ចត់មួយ ដែលនឹងកើតឡើង ហើយខ្ញុំលើកទឹកចិត្តភាគីនានាឲ្យចរចាយ៉ាងម៉ឺងម៉ាត់ ដើម្បីជៀសវាងការប្រឈមមុខដាក់គ្នា ដែលនឹងក្លាយជាសោកនាដកម្ម»៕