អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បាននិយាយថា ប្រទេសនានានៅអឺរ៉ុប កំពុងចាប់ផ្តើមពិភាក្សាអំពីគំនិតជុំវិញឆ័ត្រនុយក្លេអ៊ែររួមគ្នា ដើម្បីបំពេញបន្ថែមលើការរៀបចំសន្តិសុខដែលមានស្រាប់ជាមួយសហរដ្ឋអាមេរិក ចំពេលមានការពិភាក្សាកាន់តែខ្លាំងឡើង នៅក្នុងប្រទេសអាល្លឺម៉ង់អំពីការអភិវឌ្ឍប្រព័ន្ធការពារនុយក្លេអ៊ែរផ្ទាល់ខ្លួន។

លោក Merz ថ្លែងនៅពេលមានការកើនឡើងភាពតានតឹងឆ្លងមហាសមុទ្រអាត្លង់ទិក ខណៈដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ( Donald Trump) បានបំផ្លាញសម្ព័ន្ធភាពប្រពៃណី បានលើកឡើងថា កិច្ចពិភាក្សាទាំងនេះ គ្រាន់តែស្ថិតក្នុងដំណាក់កាលដំបូងប៉ុណ្ណោះ ហើយគ្មានការសម្រេចចិត្តណាមួយ នឹងកើតឡើងនោះទេ។

លោកបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា៖«យើងដឹងថា យើងត្រូវឈានដល់ការសម្រេចចិត្តគោលនយោបាយយុទ្ធសាស្ត្រ និងយោធាមួយចំនួន ប៉ុន្តែនៅពេលនេះ ពេលវេលាមិនទាន់អំណោយផលនៅឡើយទេ»។
បច្ចុប្បន្ន ប្រទេសអាល្លឺម៉ង់ ត្រូវបានហាមឃាត់មិនឲ្យអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួន ក្រោមកិច្ចព្រមព្រៀងដែលហៅថា កិច្ចព្រមព្រៀងបួនបូកពីរ ដែលបានបើកផ្លូវសម្រាប់ការបង្រួបបង្រួមប្រទេសឡើងវិញក្នុងឆ្នាំ ១៩៩០ ក៏ដូចជាក្រោមសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរដ៏សំខាន់មួយ ដែលប្រទេសអាល្លឺម៉ង់ បានចុះហត្ថលេខាក្នុងឆ្នាំ ១៩៦៩។
លោក Merz បាននិយាយថា កាតព្វកិច្ចនៃសន្ធិសញ្ញារបស់អាល្លឺម៉ង់ មិនបានរារាំងខ្លួនពីការពិភាក្សាអំពីដំណោះស្រាយរួមគ្នាជាមួយដៃគូ រួមទាំងចក្រភពអង់គ្លេស និងបារាំង ដែលជាមហាអំណាចអឺរ៉ុបមានឃ្លាំងអាវុធនុយក្លេអ៊ែរនោះទេ៕